Liverpool មិនអាចធ្វើដំណើរទៅផ្ទះ Leipzig ទេព្រោះករណីនេះ
Liverpool មិនអាចធ្វើដំណើរទៅអាល្លឺម៉ង់បានទេដើម្បីជួបជាមួយ RB Leipzig ជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ។
មិនអាចទៅអាល្លឺម៉ង់បាន ដោយសារតែរដ្ឋាភិបាលក្រុងប៊ែកឡាំងបានដាក់បម្រាមអ្នកធ្វើដំណើរពីប្រទេសមួយចំនួនដែលរួមមានមកពីចក្រភពអង់គ្លេសផងនោះ បន្ទាប់ពីមានការផ្ទុះខ្លាំងករណីថ្មីៗជុំវិញកូវីដ១៩។
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់បាននិយាយថា RB Leipzig ត្រូវបានគេប្រាប់ថា ការប្រកួតនេះ “មិនបំពេញតាមតម្រូវការសម្រាប់ការលើកលែងទេ”។
ចំណែកសហព័ន្ធបាល់ទាត់អឺរ៉ុបឲ្យដឹងថា ពាក់ព័ន្ធនឹងក្លិបរៀងៗខ្លួន។
Liverpool កំពុងតែតាមដានយ៉ាងជិតដិត និងរកដំណោះស្រាយណាមួយ។
UEFA ក៏បានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិសម្រាប់វគ្គចាញ់ធ្លាក់ UEFA Champions League និង UEFA Europa League ចំពេលមានការរីករាលដាលជំងឺកូវីដ១៩។
អង្គភាពបាល់ទាត់អឺរ៉ុបចែងថា ប្រសិនបើម្ចាស់ផ្ទះណាមួយមិនអាចទទួលរៀបចំការប្រកួតបាន ត្រូវស្វែងរកទឹកដីកណ្ដាល។ ក្នុងករណីម្ចាស់ផ្ទះមិនអាចរកទឹកដីកណ្ដាលបាន នោះការប្រកួតនឹងត្រូវបានបោះបង់ចោល ហើយម្ចាស់ផ្ទះត្រូវទទួលលទ្ធផលចាញ់៣ទល់នឹង០។
ចំណែកការរឹតបន្តឹងនៅអាល្លឺម៉ង់ត្រូវធ្វើឡើងដល់ថ្ងៃទី១៧ ខែកុម្ភៈ។ មានជម្រើសមួយទៀត គឺប្ដូរជើងទីមួយទៅធ្វើនៅដី Liverpool វិញ។ ដោយឡែក ជើងទី២ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា៕