ក្លិប គិរីវង់សុខសែនជ័យ នាំចូលអតីតកីឡាករជម្រើសជាតិ
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសជាផ្លូវការ នៅថ្ងៃនេះ ក្នុងការឈានដល់ការព្រមព្រៀងចុះកុងត្រាកីឡាករ ប្រាក់ ចាន់រតនា អតីតជម្រើសជាតិកម្ពុជាមកចូលរួមជាមួយក្រុមត្រៀមលីគកំពូលរដូវកាលថ្មី ២០២១ ។ មុនមកប្រកបអាជីពជាមួយក្លិបមានមូលដ្ឋាននៅខេត្តតាកែវ មួយនេះ កីឡាករមានដើមកំណើតនៅខេត្តកំពតរូបនេះបានលេងឲ្យក្លិបណាហ្គាវើលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧។
រូបគេបានជួយឲ្យណាហ្គាវើលឈ្នះពានសម្តេច ហ៊ុន សែន បានមួយលើកនៅឆ្នាំ២០១៣ ។ ឆ្នាំ ២០១៨ ខ្សែបម្រើប្រយុទ្ធ រូបនេះបានផ្លាស់ទៅក្លិប សូលទីឡូអង្គរ នៅខេត្តសៀមរាប រហូតដល់ចប់រដូវកាល ២០២០ ដោយបានដើរតួជាប្រធានក្រុមនិងជួយក្លិបរក្សាតំណែងលេងនៅលីគកំពូលបាន ។
ប្រាក់ ចាន់រតនា ក៏ធ្លាប់ជាប់ក្នុងក្រុមជម្រើសទាំងឈុត U-19 និង ឈុតធំ ផងដែរ ក្នុងអំឡុងរូបគេលេងនៅ ណាហ្គាវើល ។
សូមបញ្ជាក់ថា នេះជាកីឡាករក្នុងស្រុកទីពីរហើយ ដែលក្លិប គិរីវង់ នាំចូលពី សូលទីឡូ ស្របពេលកីឡាករទីមួយ គឺ លី មូស្លីម ហើយនិងខ្ចីជើងអ្នកចាំទីពីក្លិប ភ្នំពេញក្រោន ផងដែរ ៕