គ្រូ U23 មីយ៉ាន់ម៉ាដែលឈ្នះកម្ពុជាបានលេខ៣ស៊ីហ្គេម២០១៩ តកុងត្រាដល់ដាច់២០២២
លោក Velizar Popov បានបន្តកិច្ចសន្យាថ្មីក្នុងនាមជាគ្រូបង្គោលក្រុមអាយុក្រោម២៣ឆ្នាំមីយ៉ាន់ម៉ា ដល់ដំណាច់ឆ្នាំ២០២២។
គ្រូបង្វឹកជនជាតិប៊ុលហ្គារីបានចូលកាន់តំណែងជាគ្រូ U23 និង U22 មីយ៉ាន់ម៉ា កាលខែមករា ឆ្នាំ២០១៩ និងបាននាំក្រុមនេះទទួលបានលេខ៣ស៊ីហ្គេម ឬមេដាយសំរឹទ្ធ ឆ្នាំ២០១៩ នៅហ្វីលីពីន។ កាលណោះ មីយ៉ាន់ម៉ាដែលធ្លាប់ឈ្នះកម្ពុជា ក្នុងវគ្គចែកពូល បានបន្តឈ្នះទៀតដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្រោយស្មើគ្នា១ទល់នឹង១។
គួរដឹងដែរថា លោក Velizar Popov ត្រូវដឹកនាំក្រុម U23 មីយ៉ាន់ម៉ា ប្រកួត AFC U23 Championship 2022 ក្នុងពូល I ដែលត្រូវប៉ះវៀតណាម និង ឆាយនីសតៃប៉ិ ចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា។
តាមពិតទៅ លោក Velizar Popov ដែលកាន់វិញ្ញាបនបត្រគ្រូកម្រិត UEFA Pro ធ្លាប់ចាញ់កម្ពុជាម្ដងពេលដឹកនាំ U22 មីយ៉ាន់ម៉ា ចាញ់នៅភ្នំពេញអំឡុងការប្រកួត AFF U22 Championship 2019៕