ក្លិបចិនដែលជាប់ឈ្មោះក្រុមហ៊ុន ត្រូវដកចេញពីរដូវកាលក្រោយទៅ
ចាប់ពីរដូវកាល២០២១តទៅ ក្លិបបាល់ទាត់ណាមួយនៃក្របខណ្ឌកំពូលចិនដែលឈ្មោះក្លិបភ្ជាប់ដោយឈ្មោះម្ចាស់ឧបត្ថម្ភ ឬចំណុះក្រុមហ៊ុនណាមួយ ត្រូវបានតម្រូវឲ្យដកចេញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនឲ្យដឹងថា នេះជាការតម្រូវពីសហព័ន្ធបាល់ទាត់ចិន ហើយត្រូវដាក់ឈ្មោះអព្យាក្រឹត្យមួយ។ កំណែទម្រង់ដ៏ធំនេះអាចនឹងប៉ះពាល់ដល់ក្លិបយ៉ាងច្រើននៅចិន។
តាមការឲ្យដឹងបន្ថែម គឺការផ្លាស់ប្ដូរនេះក៏ទំនងត្រូវបានធ្វើឡើងចំពោះក្លិបនៅក្របខណ្ឌក្រោមៗដូចគ្នា។
ក្រុមជើងឯកលីគកំពូលចិន Jiangsu Suning, ក្រុមជើងឯក AFC Champions League ពីរសម័យ Guangzhou Evergrande និង Shanghai SIPG សុទ្ធតែត្រូវប្ដូរឈ្មោះទាំងអស់។
Suning គឺជាក្រុមហ៊ុនផ្នែកអចលនទ្រពន្យដ៏ធំនៅចិន ខណៈ Evergrande ជាក្រុមហ៊ុនសាងសង់ខ្នាតយក្ស។ ចំណែក SIPG ជាក្រុមហ៊ុនពាក់ព័ន្ធនឹងកំពង់ផែនាំចេញនាំចូល។
ជាមួយគ្នានេះ ក្លិប Tianjin Teda និង Beijing Guoan សុទ្ធតែប៉ះពាល់ដោយសារការតម្រូវឲ្យប្ដូរឈ្មោះដូចគ្នា។
គួរដឹងដែរថា ក្របខណ្ឌកំពូលចិន Chinese Super League មាន១៦ក្លិប៕