Jack Grealish អាចក្លាយជា Paul Gascoigne ថ្មីរបស់អង់គ្លេស
(BC-99)
ឋិតនៅក្រោមការគ្រប់គ្រងរបស់លោក Gareth Southgate គេបានចាប់អារម្មណ៍ឃើញថាកីឡាករ Aston Villa Jack Grealish កំពុងតែបោះជំហានទៅរកភាពល្អឥតខ្ចោះដែលជាហេតុធ្វើឱ្យមានមតិជាច្រើនបានប្រដូចរូបគេទៅនឹងអតីតកីឡាករតោកំណាច អង់គ្លេស Paul Gascoigne ។
មិនថាបំពេញភារកិច្ចឱ្យក្រុមនៅ Premier League ឬក៏ក្រុមជម្រើសជាតិនោះទេ Grealish សុទ្ធតែបានសាងគុណសម្បត្តិបានទាំងអស់ដែលនេះគឺឱកាសមួយដែលអាចជួយឱ្យខ្សែបម្រើវ័យ ២៥ ឆ្នាំម្នាក់នេះអោយក្លាយជាវីរបុរសជំនាន់ថ្មីសម្រាប់អ្នកគាំទ្រក្រុម Aston Villa និងក្រុមជម្រើសជាតិ អង់គ្លេស បើនិយាយឱ្យចំគឺអ្នកគាំទ្របាល់ទាត់ទូទៅតែម្តង។
ឋិតក្នុងអំឡុងពេលត្រៀមខ្លួនប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ អៀរឡង់ មុនពេលធ្វើដំណើរទៅប្រកួតជាមួយ បែលហ្ស៊ិក ក្នុងក្របខណ្ឌពានរង្វាន់ UEFA Nation League លោក Southgate ដែលជាអ្នកចាត់ការទូទៅរបស់តោកំណាច អង់គ្លេស បាននិយាយថា Grealimsh ជាកីឡាករដែលកំពុងតែបង្ហាញទម្រង់លេងដ៏ល្អ។ បុរសវ័យ ៥០ ឆ្នាំរូបនេះបានបន្តទៀតថា លោកមិនធានាអំពីអកប្បកិរិយាផ្ទាល់ខ្លួនរបស់គេនោះទេ តែគេប្រាកដជាធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល។ លោកក៏មិនបដិសេធដែរចំពោះការប្រដូចកីឡាកររូបនេះទៅនិង Paul Gascoinge ដែលជាអតីតមិត្តរួមក្រុមជម្រើជាតិរបស់លោក។
លោក Soutgate ក៏បានរម្លឹកឱ្យដឹងដែរថា Gascoinge គឺជាកីឡាករខ្សែបម្រើប្រយុទ្ធដ៏ល្អមួយរូបក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសនាអំលុងទស្សវត្សទី៨០និង៩០ លោកតែងតែចាំនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នានាពេលកន្លងមក។ Paul Gascoinge បានបង្ហាញវត្តមានឱ្យក្រុមជម្រើសជាតិបានចំនួន ៥៧ លើកនិងបានស៊ុតបាល់បញ្ចូលទីបាន ១០ គ្រាប់ដែរពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩៨។