
ក្រោយឮ Juventus ចង់លក់ CR7 នាយក PSG ដាក់មួយម៉ាត់ភ្លែត
លោក Leonardo នាយកក្លិប Paris Saint Germain បានបង្ហើបពីលទ្ធភាពនៃការផ្ទេរយកតារាឆ្នើម Cristiano Ronaldo ក្រោយលេចឮពីដំណឹងដែល Juvetnus ចង់លក់កីឡាករព័រទុយហ្គាល់រូបនេះ។
លោក Lenardo ថ្លែងបែបនេះ “៖ក្នុងបាល់ទាត់ទំនើប គ្មាននរណាមួយអាចប៉ាន់ស្មានដឹងមុនទេ។ ជួនកាលទៅ ស្រាប់តែស្អែកឡើង Cristiano Ronaldo និយាយថា ខ្ញុំចង់ទៅលេងនៅក្លិបផ្សេងទៀតក៏ថាបាន។ PSG ក៏ជាក្លិបមួយចង់បាន Ronaldo ហើយវាក៏ជាឱកាសសម្រាប់យើង។ យើងនឹងត្រៀមផែនការដើម្បីនាំយកគេមក។”
មានសេចក្ដីរាយការណ៍មកថា Juventus ពុំមានឆន្ទៈបន្តកុងត្រាដែលត្រូវផុតនៅខែមិថុនា ឆ្នាំ២០២២ ដល់អតីតកីឡាករ Sporting Lisbon, Manchester United និង Real Madrid ទេ ដោយសារពិបាកទប់ទល់ទំហំប្រាក់ឈ្នួល។ នៅ Allianz Stadium កីឡាករវ័យ៣៥ឆ្នាំបានថ្លៃនឿយហត់២៨លានផោនក្នុងមួយឆ្នាំ ច្រើនជាង Paulo Dybala ដល់ទៅ៥ដង។
នៅក្រុមសេះបង្កង់ពីររដូវកាល Ronaldo រកបាន៧១គ្រាប់ពីការចូលលេង៩៤ដង និងឈ្នះ Serie A។ យ៉ាងណា ពួកគេមិនទាន់ពេញចិត្តទេ ព្រោះការចំណាយ១០០លានផោនទិញ CR7 ពី Real Madrid កាលឆ្នាំ២០១៨ ព្រោះចង់ឈ្នះជើងឯក UEFA Champions League ដែល Juventus ខកខានជាង២០ឆ្នាំមកហើយ៕