វីរៈបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត បង្ហើបធ្លាប់ស៊ុត អ៊ីរ៉ង់ ២គ្រាប់ ដើម្បីផ្តល់កម្លាំងជម្រើសជាតិកម្ពុជាប្រកួតស្អែក
វីរៈបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត បានបង្ហើបពីអតីតកាលរបស់លោកដែលធ្លាប់ស៊ុតចូលជម្រើសជាតិ អ៊ីរ៉ង់ ២គ្រាប់ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាដែលត្រូវលេងជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ នេះក្នុងព្រឹត្តិការណ៍ជម្រុះ World Cup នាទឹកដីប្រទេស បារ៉ែន ។
អតីតជម្រើសជាតិបាល់ទាត់ខ្មែរ ប៉ែន ផាត ដែលកំពុងរស់នៅទឹកដីបារាំង បានសរសេរថា ៖ ខ្ញុំនឹង បងប្អូនខ្មែរ ដែលនៅបរទេស សូមជូនពរអោយក្រុមគោព្រៃ របស់កម្ពុជា យើង ប្រកួត ជាមួយ IRAN នៅថ្ងៃខាងមុខនេះ សូមអោយបានជោគជ័យ ! ឆ្នាំ ១៩៧៤ ខ្ញុំលេងអោយជម្រើសជាតិបាល់ទាត់កម្ពុជា ប្រកួតជាមួយ អ៊ីរ៉ង់ ដោយលទ្ធផល ចាញ់ ៥ ទល់ ២ ហើយ ២គ្រាប់នោះលោកជាអ្នកស៊ុតបញ្ចូលទីអោយកម្ពុជា (កាលនោះលោកលេងក្លិបថៃ Rajpracha ) ។
សូមបញ្ជាក់ថា៖ លោក ប៉ែន ផាត ជាកីឡាករជម្រើសជាតិកម្ពុជាល្អមួយរូបដែលលេងនៅក្រៅប្រទេសដែលប្រជាជនថៃដាក់រហ្សនាមថា ពស់កេងកង ហើយលោកធ្លាប់ជួយអោយខ្មែរជាប់ Asian Cup លេខ៤នៅឆ្នាំ១៩៧២ ។ បន្ទាប់មកលោកត្រូវបានក្លិប Rapracha FC របស់ថៃនាំយកទៅលេងឆ្នាំ១៩៧២ ខណៈ ១៩៧៧ លោកបានទៅលេងក្នុងទឹកដីប្រទេសបារាំងជាមួយក្លិបផ្សេងៗ ។
លោកធ្លាប់វិលត្រឡប់មកប្រកបអាជីពបាល់ទាត់នៅស្រុកខ្មែរវិញក្នុងឆ្នាំ២០១២ ដោយទទួលភារកិច្ចដឹកនាំក្រុមបាល់ទាត់វេស្ទើនភ្នំពេញសម្រាប់ការប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ ប៉ុន្តែក្រោយមកក៏បានសុំលាឈប់ ដោយសារចរចារការងារមួយចំនួនមិនជោគជ័យ ៕