
Kante និង Giroud ដាក់គោលដៅចាកចេញពី Chelsea
(BC-99)
កីឡាករបារាំងពីររូបគឺ N’Golo Kante និង Olivier Giroud បានធ្វើការសម្រេចចិត្តតំណាលគ្នាក្នុងការចាកចេញពីទឹកដី Stamford Bridge របស់ក្រុមតោខៀវ Chelsea នៅពេលខាងមុខនេះ។
ខ្សែបម្រើ N’Golo Kante អាចបង្ហាញវត្តមានរបស់ខ្លួនជាលើកចុងក្រោយនៅជាមួយក្រុមតោខៀវ Chelsea នៅរដូវកាលនេះ។ក្រោយពីក្លឹប Inter Milan បានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះសារព័ត៌មានបារាំង Le 10 Sport ក៏បានបរិយាយថា Real Madrid ក៏បានចាប់អារម្មណ៍លើ N’Golo Kante ដែរ។
តែបើតាមប្រភពពីសមាជិកក្រុមគ្រួសាររបស់ N’Golo Kante បាននិយាយ Inter គឺជាគោលដៅមួយដែល Kante ចង់ទៅលេងជាមួយនៅរដូវក្តៅក្រោយនេះព្រោះនៅទីនោះគេនឹងបានបំពេញកិច្ចការជាថ្មីជាមួយលោក Antonio Conte ដែលជាអតីតគ្រូបង្វឹក Chelsea ។
ដោយឡែកកីឡាករខ្សែប្រយុទ្ធបារាំង Olivier Giroud ឯណោះវិញក៏កំពុងពិចារណាលើជម្រើសរបស់គេក្នុងការចាកចេញពីក្លឹបតោខៀវ Chelsea ដែរ។
Olivier Giroud ចាប់ផ្តើមយល់ដឹងពីលទ្ធភាពរបស់ខ្លួនបន្ទាប់ពីមានវត្តមានកីឡាករចំណូលថ្មីជាច្រើននាក់ក្នុងរដូវកាលនេះជាពិសេសគឺ Timo Werner ដែលលេងក្នុងតួនាទីឆ្លាស់គ្នាជាមួយរូបគេតែម្តង។ Giroud បាននិយាយថា ខ្ញុំចង់លេងនៅក្របខណ្ឌ័កម្រិតកំពូលរបស់អឺរ៉ុប២ ទៅ ៣ ឆ្នាំបន្តទៀតមុននឹងចាកចេញទៅលេងនៅប្រទេស អាមេរិច។