អ្នកគាំទ្រ Liverpool នៅកម្ពុជាយកថ្ងៃអបអរកំណើតក្រុមខ្លួនប្រមូលថវិកាជួយគន្ធបុប្ផា
ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបកំណើតក្រុមអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ឆ្នាំ ដោយបង្កើតជាមូលនិធិប្រមូលពីសមាជិកបានចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលមានទីតាំងស្ថិតនៅក្នុងខេត្ត សៀមរាប។
មូលនិធិនេះត្រូវបានបង្កើតឡើងដោយ លោក ស៊ិន វីរ៉ុតរុន ហៅ June ជាប្រធានក្រុមអ្នកគាំទ្រនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល៧ថ្ងៃ។ ជាលទ្ធផល ថវិកាដែលប្រមូលបានសរុប មាន ចំនួន៦០០ដុល្លារអាមេរិកបានប្រគល់ដល់ដៃមន្ទីរពេទ្យនៅថ្ងៃទី០៥ ខែកញ្ញានេះ។
នេះមិនមែនជាលើកទីមួយទេដែលក្រុមអ្នកគាំទ្រLiverpool នៅកម្ពុជាបានធ្វើកម្មវិធីសប្បុរសធម៌របស់ខ្លួនដោយកន្លងមកបានប្រកួតបាល់ទាត់សប្បុរសធម៌, ការ បរិច្ចាគឈាម , ការឧបត្ថម្ភដល់ក្រុមបាល់ទាត់ខ្វះខាតតាមបណ្ដាខេត្ត ដូចជា គ្រាប់បាល់ សំលៀកបំពាក់ … ជាដើម។
លោក June ដែលបច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែ1សីហា ឆ្នាំ២០១១ គិតមកដល់ពេលនេះមានអាយុ១២ឆ្នាំហើយ។
និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរូបនេះឲ្យដឹងថា ក្រៅពីការប្រមូលផ្ដុំអ្នកដែលស្រឡាញ់ Liverpool ដូចគ្នា។ លោកចង់បង្កើតសកម្មភាពនានាដើម្បីឲ្យ បរទេសបានស្គាល់ពីកម្ពុជាផង និង សកម្មភាពដែលចំណេញដល់កម្ពុជា ផង តួយ៉ាងដូចជាការធ្វើសកម្មភាពសប្បុរសធម៌នេះជាដើម។
ទោះចំនួនមិនច្រើន តែវាឆ្លុះបញ្ចាំងពីទឹកចិត្តរបស់អ្នកចូលរួមដែលមានចាប់តាំងពី១ដុល្លារ ២ដុល្លារ ៥ដុល្លារ ដល់១០០ដុល្លារ។ លោកសន្យាថា ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជា នឹងបន្តធ្វើនៅឆ្នាំ បន្ទាប់ទៀតដើម្បីជាគំរូ បង្ហាញពីសាមគ្គីភាពរបស់គ្រួសារខ្មែរ៕