កីឡាការិនីវាយកូនបាល់រុស្ស៊ី២រូបរងពិន័យមួយជីវិត
កីឡាការិនី Sofia Dmitrieva និង Alija Merdeeva ត្រូវបានពិន័យមិនឲ្យចូលរួមការប្រកួតវាយកូនបាល់អស់មួយជីវិត ដោយសារពាក់ព័ន្ធនឹងសកម្មភាពគិតលទ្ធផលទុកជាមុន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា កីឡាការិនីជនជាតិរុស្ស៊ីទាំង២ពាក់ព័ន្ធនឹងការគិតលទ្ធផលទុកជាមុនចំនួន៦ប្រកួត តែមិនបានសហការជាមួយភ្នាក់ងារស៊ើបអង្កេតឡើយ។
ការស៊ើបអង្កេតកើតឡើងបន្ទាប់ពីឃើញថា មិនមានភាពប្រក្រតីក្នុងការប្រកួត។ ការប្រកួតចំនួន២កើតឡើងក្នុងវិញ្ញាសាវាយគូនារី។
Merdeeva វ័យ២៣ឆ្នាំបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៤១ពិភពលោក និងធ្លាប់បានលេខខ្ពស់បំផុត១១៩២។ ចំណែក Dmitrieva វ័យ២៦ឆ្នាំធ្លាប់បានចំណាត់ថ្នាក់ខ្ពស់បំផុត៩២៨ក្នុងវិញ្ញាសាទោលនារី និង៦៤៤លើវិញ្ញាសាវាយគូនារី។
អ្នកទាំង២នឹងមិនអាចចូលរួមប្រកួត និងហ្វឹកហាត់ក្នុងកម្មវិធីណាមួយដែលរៀបចំឡើងដោយសហព័ន្ធវាយកូនបាល់អន្តរជាតិ និងអង្គភាពជាសមាជិកបានទេ៕