អ្នកគ្រប់គ្រងសម្ភារៈក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាគាំងបេះដូងស្លាប់
ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី លោក Shaik Salman bin Ebrahim Al Khalifa បានបង្ហាញភាពសោកស្ដាយចំពោះក្រុមគ្រួសារបាល់ទាត់មីយ៉ាន់ម៉ា, ក្រុមគ្រួសារ និងញាតិសណ្ដានលោក Pyae Sone Naing អ្នកគ្រប់គ្រងសម្ភារៈនៃក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ដែលបានចែកឋាន ដោយសារគាំងបេះដូង អំឡុងយុទ្ធនាការជម្រុះ FIFA World Cup 2022 នៅក្រុងអូសាកា ប្រទេសជប៉ុន កាលថ្ងៃពុធ ទី០៩ ខែមិថុនា។
បើតាមការឲ្យដឹង បុរសវ័យ២៩ឆ្នាំបានស្លាប់ដោយសារគាំងបេះដូងក្នុងសណ្ឋាគារពេលដេកលក់។
“តាងនាងក្រុមគ្រួសារបាល់ទាត់អាស៊ី ខ្ញុំសូមចូលរួមរំលែកទុក្ខដល់សហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ាចំពោះមរណភាពរបស់លោក Pyae Sone Naing”។ នេះជាការផ្ញើសារពីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក លោក Shaik Salman bin Ebrahim Al Khalifa។
“បាល់ទាត់កើតចេញពីការរួមចំណែកពីអ្នករាល់គ្នា ពីមន្ត្រី ពីក្រុមការងារ អ្នកស្ម័គ្រចិត្ត ដែលធ្វើការមិនខ្វល់ពីភាពនឿយហត់ដើម្បីបង្កភាពងាយស្រួលដល់កីឡាករ ហើយយើងនឹងចងចាំការប្រឹងប្រែងលោក Pyae Sone Naing ចំពោះការប្រកួត។”
ដើម្បីរំឭកដល់លោក Pyae Sone Naing សហព័ន្ធបាល់ទាត់អាស៊ីនឹងរៀបចំឲ្យមានការស្មិងស្មាធិ៍មួយនាទីមុនជំនួបជម្រុះ World Cup 2022 ពូល F រវាងមីយ៉ាន់ម៉ា និងកៀហ្ស៊ីសីស្ថាន នាកីឡដ្ឋាន Yanmar ក្រុងអូសាកា ប្រទេសជប៉ុន ថ្ងៃសុក្រ ទី១១ ខែមិថុនា៕