អ្នកគាំទ្រ Barca នៅចិននាំគ្នាធ្វើពិធីអបអរការចាកចេញរបស់ Bartomeu
អ្នកគាំទ្រក្លិប FC Barcelona នៅក្រុងសិនចិន ប៉ែកអាគ្នេយ៍ប្រទេសចិន បានប្រមែប្រមូលគ្នាមួយចំនួនធ្វើពិធីជប់លៀងអបអរសាទរការលាឈប់ពីតំណែងជាប្រធានក្លិបរបស់លោក Josep Maria Bartomeu។
ប្រធានក្លិប Barca ខាងលើ និងសមាជិកក្រុមប្រឹក្សាភិបាលរបស់លោកបានសម្រេចចិត្តចុះចេញពីតំណែងកាលថ្ងៃអង្គារ ទី២៧ ខែតុលា ហើយសារព័ត៌មានមួយចំនួនផ្សាយថា ហេតុការណ៍នេះធ្វើឲ្យអ្នកគាំទ្រក្រុមនៅអេស្ប៉ាញសប្បាយចិត្តយ៉ាងខ្លាំង។
ជាក់ស្ដែង ក្រុមអ្នកគាំទ្រនៅក្រុងសិនចិន បានបង្ហោះរូបភាពជប់លៀងយ៉ាងសប្បាយរីករាយ ហើយសរសេរថា អបអរសាទរការចាកចេញរបស់លោក Bartmomeu ហើយយើងជប់លៀងដើម្បីអបអររឿងនេះ។
Barcelona ស្ថិតក្នុងចំណោមក្លិបសម្បូរប្រជាប្រិយភាពនៅប្រទេសចិន ហើយបើតាមសម្ដីរបស់លោក Bartomeu ដែលបានថ្លែងកាលពីឆ្នាំទៅមិញឲ្យដឹងថា អ្នកគាំទ្រក្លិបខ្លួននៅប្រទេសក្នុងទ្វីបអាស៊ីមួយនេះមានដល់ទៅ៤៧លាននាក់ ស្មើនឹង១៦ភាគរយនៃចំនួនអ្នកគាំទ្រទាំងមូល។
លោក Bartomeu បានចូលកាន់តំណែងជាប្រធានក្លិប FC Barcelona នៅខែមករា ឆ្នាំ២០១៤ ក្រោយការចុះចេញពីតំណែងរបស់លោក Sandro Rosell ដោយសារក្ដីក្ដាំនៅក្លិប។ ការលាឈប់នេះធ្វើឡើងមុនការបោះឆ្នោតដកសេចក្ដីទុកចិត្តចំពោះលោកដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកា៕