JM អន់ចិត្តកូនក្រុមរឿងចាញ់អតីតក្លិបដៃគូសហការ Man UTD នៅ UCL
លោក Jose Mourinho បានបង្ហាញភាពអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងចំពោះកូនក្រុមមួយចំនួនបន្ទាប់ពីចាញ់ Royal Antwerp ១ទល់នឹង០ក្នុងការប្រកួត UEFA Europa League នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា។
ក្រោយចប់វគ្គទីមួយភ្លាម អ្នកចាត់ការជនជាតិព័រទុយហ្គាល់បានសម្រេចប្ដូរកីឡាករដល់ទៅ៤នាក់ដែលមាន Dele Alli, Steven Bergwijn, Giovani lo Celso និង Carlos Vinicius។
“បើដូរបាន ខ្ញុំដូរទាំង១១នាក់បាត់ហើយ” នេះជាការនិយាយក្ដែងៗពីលោក Jose Mourinho។
Dele Alli ជាប់ជម្រើស១១នាក់ដំបូង៤លើកនៅរដូវកាលនេះ តែត្រូវប្ដូរចេញនៅវគ្គទីពីរចំនួនពីរលើក។
Spurs ក៏សម្លឹងឆ្ពោះទៅបញ្ចប់ខែតុលា ជាមួយកំណត់ត្រាមិនចាញ់សោះ ក្រោយឈ្នះ៤ និងស្មើមួយ ទាត់ចូលគេ២០គ្រាប់។ ផ្ទុយទៅវិញ ក្រុមមាន់ខ្នាយមាសរកមួយគ្រាប់មិនបានសោះក្នុងការប្រកួតនៅបែលហ្ស៊ីក។
ពីរប្រកួតនៅពូល J កន្លងទៅ Antwerp ឈរកំពូលតារាងមាន៦ពិន្ទុ, Spurs និង LASK មាន៣ពិន្ទុដូចគ្នា ខណៈ Ludogorets មិនទាន់មានពិន្ទុទេ។
គួរដឹងដែរថា Royal Antwerp ធ្លាប់ជាក្លិបឧបសម្ព័ន្ធជាមួយ Manchester United ពីចន្លោះឆ្នាំ១៩៩៨ដល់២០១៣។ ក្នុងនោះ Man UTD ធ្លាប់ឲ្យអតីតកូនក្រុមក្មេងៗខ្លួនទៅលេងនៅក្លិបបែលហ្ស៊ីកមួយនេះដើម្បីបង្កើនបទពិសោធនៅក្រុមធំ និងការប្រកួតផ្លូវការនានា៕