
ឥណ្ឌូនេស៊ីបញ្ចេញបញ្ជីកីឡាករ U19 ៣០នាក់ទៅហាត់នៅក្រូអាតមុនប៉ះកម្ពុជា
ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ ឆ្នាំបានបញ្ចេញបញ្ជីឈ្មោះកីឡាករ៣០រូបដែលក្នុងនោះក៏មានកូនកាត់អឺរ៉ុបមួយចំនួនដែរសម្រាប់ការបោះជំរំហ្វឹកហាត់នៅក្រៅប្រទេសចុងក្រោយរបស់ពួកគេ គឺនៅក្រូអាតមុនចូលរួមព្រឹត្តិការណ៍ AFC U19 Championship នៅខែតុលា។
លោក Mochamad Iriawan ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសពីកម្មវិធីនេះបន្ទាប់ពីការបោះជំរំរយៈពេល៣សប្តាហ៍នៅក្រុងហ្សាការតាក្រោមការដឹកនាំពីគ្រូបង្គោល Shin Tae-yong។
ប្រមុខ FA ឥណ្ឌូនេស៊ីបញ្ជាក់បែបនេះ “៖យើងបានជ្រើសរើសប្រទេសក្រូអាតជាកន្លែងបោះជំរំចុងក្រោយដែលនឹងចាប់ផ្តើមនៅចុងខែសីហាដោយសារការឆ្លើយតបរបស់ FA ចំពោះតម្រូវការរបស់យើង ហើយក៏នឹងមានការប្រកួតមិត្តភាពពីចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី០៨ កញ្ញាដែរ។ លើសពីនេះទៀតយើងត្រូវបានគេជូនដំណឹងថា នឹងមិនចំាបាច់នៅដាច់ដោយឡែកទេ ក្រោយទៅដល់ក្រូអាត។ អាកាសធាតុនៅទីនោះ ក៏ស្រដៀងនឹងប្រទេសអ៊ូសបេគីស្ថាន (កន្លែងនៃការប្រកួត AFC U19) ដូច្នេះនោះគឺជាកត្តាវិជ្ជមានមួយទៀត។”
អំឡុងការបោះជំរំហ្វឹកហាត់នៅក្រូអាត ក្រុម U19 ឥណ្ឌូនេស៊ីត្រូវសមជើងជាមួយម្ចាស់ផ្ទះក្រូអាត, ប៊ុលហ្គារី និងអារ៉ាប៊ីសាអ៊ូឌីត។
ពានរង្វាន់ AFC U19 Championship នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤-៣១ ខែតុលាឆ្នាំ ២០២០ និងជាកន្លែងដែលពួកគេនៅពូល A ទល់នឹងក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន, កម្ពុជា និងអ៊ីរ៉ង់៕