
Solskjaer ៖ យើងកំពុងខិតខំកសាងក្រុម Man Utd ឲ្យខ្លាំងតាមដែលអាចធ្វើទៅបាន
(BC-99)
អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយថា Manchester United កំពុងប្រឹងប្រែងដើម្បីធ្វើឲ្យក្រុមខ្លាំងតាមដែលអាចធ្វើទៅបាន ។
បិសាចក្រហមបានកក់កន្លែងរបស់ពួកគេនៅក្នុងការប្រកួតវគ្គ EFL Cup វគ្គ ៨ ក្រុមចុងក្រោយតាមរយៈការផ្តួលក្រុម Brighton លើទីលាន AMEX កាលពីយប់ថ្ងៃពុធកន្លងទៅនេះ។
ក្រៅពីរៀបរាប់អំពីទឹកចិត្តរីករាយដែលទទួលជ័យជម្នះដោយលទ្ធផល ៣-០ លោក Ole ក៏បាននិយាយទាក់ទងទៅនឹងក្រុមរបស់ខ្លួនដែលទើបតែទិញបានកីឡាករតែម្នាក់គត់នៅរដូវកាលដោះដូរដែលនឹងបិទសកម្មភាពនៅថ្ងៃទី ៥ ខែតុលានេះថា “ខ្ញុំមិនអាចផ្តល់ឱ្យអ្នកនូវព័ត៌មានណាមួយទេទាក់ទងទៅនឹងការផ្លាស់ប្តូរកីឡាករ។ យើងកំពុងធ្វើការជាមួយអ្វីដែលយើងមាន។ យើងគឺជាក្រុមដ៏ធំមួយ។ យើងបានផ្លាស់ប្តូរកីឡាករដែលមានស្រប់នៅក្នុងក្រុមចំនួន ១០ នាក់ចាប់ពីថ្ងៃសៅរ៍។ ប្រសិនបើមានបច្ចុប្បន្នភាពណាមួយយើងនឹងជូនដំណឹងដល់អ្នក”។
ដោយមិនចង់ធ្វើការប្រៀបធៀបអំពីការទិញចូលកីឡាករយ៉ាងគគ្រឹកគ្រេងរបស់ក្លឹបដទៃលោក Ole បាននិយាយបន្ថែមថា៖ “ខ្ញុំមិនធ្វើអត្ថាធិប្បាយលើកីឡាកររបស់ក្រុមផ្សេងទេ។ ខ្ញុំមិនអាចលូកដៃចំពោះរឿងក្លិបផ្សេងទេ។ ខ្ញុំដឹងថាក្លឹបរបស់ខ្ញុំកំពុងធ្វើការបានល្អទោះជាលំបាកយ៉ាងណាក៏យើងព្យាយាធ្វើឲ្យក្រុមខ្លាំងតាមតែអាចធ្វើទៅបាន” ។
សូមជម្រាបដែរថានារាត្រីថ្ងៃអាទិត្យទី៤ខាងមុខនេះ Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Spurs ដែលដឹកនាំដោយអតីតគ្រូបង្វឹកចាស់ Jose Mourinho នៅក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៤។