វិបសាយ AFC ផ្សាយថា ពាន AFC Cup ត្រូវបានលុបចោល ខណៈ AFC U16 និង AFC U19 ត្រូវបានពន្យារ
ទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី the-afc.com បានចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា នេះថា ដោយសារប៉ះពាល់ពីជំងឺកូវីដ១៩ គណៈកម្មការប្រតិបត្តិបានសម្រេចលើកពេលការប្រកួតបាល់ទាត់ពានរង្វាន់់ AFC U16 និង AFC U19 ទៅដើមឆ្នាំ២០២១វិញ។
គណៈកម្មការយល់ថា បញ្ហាជំងឺរីករាលដាលបានប៉ះពាល់ដល់ការរៀបចំខ្លួន។ មិនតែប៉ុណ្ណោះ គេក៏ពិចារណាដល់សុខុមាលភាពរបស់កីឡាករវ័យក្មេងពាក់ព័ន្ធការធ្វើដំណើរ និងសុខភាព។ បើតាមគម្រោងដើម ការប្រកួត AFC U16 គ្រោងរៀបចំពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា នៅប្រទេសបារ៉ែន។ ចំណែកការប្រកួត AFC U19 គ្រោងរៀបចំនៅខែតុលា ក្នុងប្រទេសអ៊ូបេគីស្ថាន។
ប្រភពដដែលបញ្ជាក់ដែរថា ការប្រកួត AFC Cup ត្រូវបានលុបចោលតែម្ដង។ ពានរង្វាន់កម្រិតទីពីរសម្រាប់ក្លិបនៅអាស៊ីនេះបានខកខានតាំងពីខែមីនា ឆ្នាំ២០២០ដោយសារការរីករាលដាលកូវីដ១៩។ គម្រោងបន្ទាប់មក គេបានបែងចែកជាតំបន់ផ្សេងគ្នា និងឲ្យក្លិបបញ្ចប់ការប្រកួតនៅសល់ប្រកួតលើទឹកដីកណ្ដាលតែម្ដង។ ជាក់ស្ដែងក្នុងសេចក្ដីប្រកាសកាលខែកក្កដា កន្លងទៅ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវបញ្ចប់ការប្រកួតនៅសល់របស់ខ្លួនក្នុងពូល G នាកីឡដ្ឋាន Cam Pha ខេត្ត Quang Ninh ប្រទេសវៀតណាម។ ផ្ទុយទៅវិញ ក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា នេះ ថ្នាក់ដឹកនាំបានសម្រេចលុបចោលតែម្ដង៕
ប្រភព ៖ http://the-afc.com