
គ្រូ Liverpool ថា មិនអាចធ្វើតាម Chelsea រឿងទិញកីឡាករច្រើននាក់ទេ
អ្នកចាត់ការ Jurgen Klopp និយាយថា Liverpool មិនដូចក្លិបគូប្រជែងដៃទៃទៀតទេក្នុងទីផ្សារដោះដូរកីឡាករខណៈក្រុមគូប្រជែងទាំងនោះជាកម្មសិទ្ធិរបស់បណ្តាប្រទេស ឬក្រុមអ្នកមានណាមួយ។
ក្រុមជើងឯក Premier League ទើបតែទិញបាន Kostas Tsimikas ក្នុងតម្លៃ ១១,៧ លានផោន ខណៈ Chelsea បានចំណាយប្រាក់ប្រមាណ២០០លានផោនទៅហើយ។
លោកថា ហង្សក្រហមបានទទួលជោគជ័យលើអ្វីដែលខ្លួនឯងកំពុងធ្វើ។ វាមិនអាចផ្លាស់ប្តូរបានត្រឹមមួយយប់នោះទេ ហើយថា ក្រុមរបស់លោកក៏មិនអាចធ្វើតាម Chelsea ដែរ។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់សង្កត់ធ្ងន់បែបនេះ “៖ក្លិបយើងខុសពីគេ។ យើងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីពីរឆ្នាំមុន ហើយបានឈ្នះវានៅឆ្នាំបន្ទាប់ និងឈ្នះ Premier League ដោយផ្ទាល់ដៃយើង ជាក្លិបយើង មិនលំនាំនរណាទេ។”
Liverpool បានចំណាយ១,៣លានផោនទៅលើខ្សែការពារវ័យក្មេងហុល្លង់ Sepp van den Berg ពី PEC Zwolle កាលពីរដូវក្តៅមុន ក៏ដូចជាផ្ទេរអ្នកចាំទី Adrian និង Andy Lonergan ដោយគ្មានតម្លៃខ្លួន មុនបន្ថែមខ្សែប្រយុទ្ធ ជប៉ុន Takumi Minamino ក្នុងតម្លៃ ៧,២៥ លានផោនកាលពីខែមករា។
ក្រុមរបស់លោក Klopp បានបញ្ចប់១៨ពិន្ទុពីលើ Manchester City ខណៈពួកគេឈ្នះជើងឯក Premier League លើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ។
ដោយឡែក Chelsea មិនអាចផ្ទេរកីឡាករបានទេកាលពីរដូវក្តៅមុន ដោយសារតែមានទណ្ឌកម្មបិទការទិញដូរពី FIFA តែក៏ឈ្នះបណ្ដឹងឧទ្ធរណ៍វិញនៅខែធ្នូ ២០១៩ ដើម្បីអនុញ្ញាតពួកគេនាំយកកីឡាករនៅខែមករាឆ្នាំនេះ។
ក្រុមរបស់លោក Frank Lampard បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Ajax គឺ Hakim Ziyech ក្នុងតម្លៃ ៣៣,៣ លានផោន, ខ្សែប្រយុទ្ធខ្សែប្រយុទ្ធ Timo Werner របស់ក្លិប Leipzig ក្នុងតម្លៃប្រហែល ៤៨ លានផោន, ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Bayer Leverkusen កីឡាករ Kai Havertz ក្នុងតម្លៃ ៧១ លានផោន, ខ្សែការពារស្លាបឆ្វេង Ben Chilwell ពី Leicester City ក្នុងតម្លៃ ៤៥ លានផោន និង Thiago Silva ដោយឥតគិតថ្លៃពី Paris Saint Germain៕