Calvert-Lewin កាន់តែបង្ហាញសមត្ថភាពបានយ៉ាងល្អក្រោយពីស៊ុត៣គ្រាប់តែឯងលើ West Ham
(BC-99)
កីឡាករ Dominic Calvert-Lewin បានស៊ុតបាល់បញ្ចូលទី Hat-Trick ចំនួន ២ ដងហើយនៅរដូវកាលនេះខណៈដែលក្រុម Everton បានកក់កន្លែងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Carabao Cup វគ្គ ៨ ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះលើក្រុម West Ham United ៤-១។
កីឡាករអង់គ្លេសរូបនេះបានរកគ្រាប់បាល់បើកឆាកក្រោយពីប្រកួតបានចំនួន ១១ នាទីនៅតង់ទី១និងរកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៧៨និង៨៤បន្ទាប់ពី Richarlison បានរកគ្រាប់ទី២ឲ្យក្រុមនៅនាទីទី៥៦។
តាមរយៈជ័យជម្នះដ៏ធំធេងលើក្រុមមកពីទីក្រុង London បែបនេះបានធ្វើឲ្យ Everton ក្នងជំនាន់លោក Ancelotti កាន់តែមានភាពល្បីល្បាញក្នុងក្របខណ្ឌនានានៃប្រទេសអង់គ្លេសថែមទៀត។ ក្នុងនោះដែរកីឡាករខ្សែប្រយុទ្ធឆ្នើម Calvert-Lewin ក៏បានក្លាយជាអ្នកប្រយុទ្ធដ៏គ្រោះថ្នាក់ម្នាក់ដល់ក្រុមផ្សេងៗទៀតដែលគូប្រជែង។
និយាយបន្ទាប់ពីការប្រកួតយុវជនអាយុ ២៣ ឆ្នាំរូបនេះបាននិយាយថាគេកំពុងតែលេងដោយក្ដីស្រឡាញ់ចំពោះក្រុមដែលពោរពេញទៅដោយកីឡាករដែលមានទេពកោសល្យនិងការច្នៃប្រឌិត៖ “ខ្ញុំរីករាយនឹងការលេងបាល់ទាត់នៅក្នុងក្រុមរបស់ខ្ញុំខ្លាំងណាស់។ ខ្ញុំបានសម្លឹងមើលឱកាសដែលបានបង្កើតដោយមិត្តរួមក្រុមសម្រាប់ខ្ញុំ ដូច្នេះវាជាការងាររបស់ខ្ញុំក្នុងការទាត់បាល់បញ្ចូលសំណាញ់ដើម្បីកុំឲ្យមិត្តរួមក្រុមខកបំណង ខ្ញុំពិតជារីករាយដែលអាចធ្វើវាបាននៅពេលនេះ”។
ទោះជាទទួលបានជ័យជម្នះផ្ទួនៗក៏ពិតមែនក៏មិនមែនបានន័យថា Everton មិនមានបញ្ហានោះដែរ។ ដាច់ដោយឡែកជុំវិញបញ្ហារបួសអ្នកចាត់ការ Carlo Ancelotti បាននិយាយដែរថា៖ “Richarlison មានបញ្ហារបួសកជើងតែវាមិនអាក្រក់ពេកទេ។ Allan និង Jonjoe Kenny មានបញ្ហារបួសសាច់ដុំជើងដែលយើងត្រូវពិនិត្យមើលបន្ថែម” ។
គួរឲ្យដឹងដែរថានៅរាត្រីថ្ងៃសៅរ៍ទី៣ខាងមុខនេះ Everton នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួនដើម្បីទទួលភ្ញៀវ Brighton នាវេលាម៉ោង៩:០០ ហើយជំនួបនេះ MYTV និង CNC ក៏ទទួលសិទ្ធផ្សាយបន្តផ្ទាល់ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។