មឿន សុខហ៊ុច នៅតែដាក់ចិត្តថា ផ្តាច់បានគឺផ្តាច់
កម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ក្នុងសប្តាហ៍នេះនឹងមានការប្រកួតរវាងកីឡាករលំដាប់ជួរមុខគុនខ្មែរប៉ះគុនខ្មែរដោយក្នុងនោះជើងខ្លាំង មឿន សុខហ៊ុច បន្តប្រកួតទៀត បន្ទាប់ពីចាញ់ពិន្ទុ ឡៅ ចិត្រា កាលពីសប្តាហ៍មុន ដោយត្រូវប៉ះជាមួយ ឡុង សំណាង នាសង្វៀន CNC ម៉ោង ៨ ព្រឹក ។ មឿន សុខហ៊ុច បាននិយាយទាក់ទងទៅនឹងការប្រកួតនេះថាគូប្រកួតជាកីឡាករវ័យក្មេងល្អម្នាក់ដែលកំពុងមានសមត្ថភាឡើង ហើយទោះបីធ្លាប់ឈ្នះពិតមែន ប៉ុន្តែរូបគេបានតាំងចិត្តប្រកួតអោយអស់ពីសមត្ថភាព ដោយមិនមានការមើលស្រាល រឺយល់គ្នាអ្វីឡើយ បើមានឱកាសផ្តាច់គឺផ្តាច់តែម្តង ។
មឿន សុខហ៊ុច និង ឡុង សំណាង ធ្លាប់ជួបគ្នា៣ដងកន្លងមកហើយ ដោយក្នុងនោះ មឿន សុខហ៊ុច ជាអ្នកឈ្នះទាំង៣ដងដោយផ្តួលអោយបោះបង់ការប្រកួត២ដង និងឈ្នះពិន្ទុម្តង ។
សូមបញ្ជាក់ផងដែរថាការប្រកួតរវាង មឿន សុខហ៊ុច និង ឡុង សំណាង នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែ តុលា នេះក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលការផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕