អេ ភូថង៖ កីឡាករជួរមុខប៉ះគ្នាត្រូវប្រកួតអស់ពីសមត្ថភាពទើបរកជើងខ្លាំងប្រចាំប្រទេសឃើញ
អតីតអ្នកប្រដាល់ជើងខ្លាំងប្រចាំប្រទេសកម្ពុជា អេ ភូថង បានលើកឡើងថាកីឡាករលំដាប់ជួររបស់កម្ពុជាដែលត្រូវប្រកួតជាមួយគ្នាត្រូវតែប្រកួតអោយអស់ពីសមត្ថភាពទើបរកឃើញអ្នកខ្លាំងពិតប្រាកដតាមកម្រិតសមត្ថភាពរបស់ពួកគេឃើញ ការនិយាយបែបនេះបន្ទាប់ពីសង្វៀនក្នុងស្រុកសព្វថ្ងៃកីឡាករជួរមុខគុនខ្មែរត្រូវប៉ះគ្នាច្រើន បន្ទាប់ពីបិទការនាំចូលកីឡាករបរទេសមកប្រកួតដោយសារជំងឺកូវីដ១៩ ។
លោក អេ ភូថង បានបញ្ជាក់ការប្រកួតរវាង យ៉េន ឌីណា និង មឿន សុខហ៊ុច ថាការប្រកួតនេះលោកបានប្រាប់ពួកគេត្រូវតែវាយអោយអស់ពីសមត្ថភាព ទើបយើងអាចដឹងថាប្រភេទទម្ងន់ហ្នឹងកីឡាកររូបណាស្ថិតនៅកម្រិតលើគេប្រចាំប្រទេស ហើយលោកក៏ប្រាប់គ្រប់កូនសិស្សរបស់លោករួចរាល់ហើយត្រូវវាយអោយអស់ពីសមត្ថភាពសម្រាប់ការប្រកួតកន្លងមក ។ សូមបញ្ជាក់ថា មឿន សុខហ៊ុច និង យ៉េន ឌីណា ត្រូវប្រកួតជាមួយគ្នានៅថ្ងៃ សៅរ៍ ទី ០២ ខែ ឧសភា ឆ្នាំ ២០២០ នាសង្វៀន CNC ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ វេលាម៉ោង ៦ ល្ងាច ។