គ្រូបង្វឹក Mauricio Pochettino ថាចង់ឈ្នះពានជាមួយ Spurs ម្តង មុនពេលស្លាប់
គ្រូបង្វឹក Mauricio Pochettino បានបង្ហើបពីក្ដីស្រម៉ៃរបស់ខ្លួនមួយក្នុងការទៅដឹកនាំ Tottenham Hotspurs សារជាថ្មីម្ដងទៀតក្នុងអាជីពខ្លួននៅថ្ងៃអនាគត ដើម្បីបង្ហើយការងារដែលខ្លួនមិនទាន់បានសម្រេចនៅទីនោះ។
បុរសវ័យ៤៨ឆ្នាំបាននិយាយថា៖ “វាគឺជាដំណើរដ៏អស្ចារ្យក្នុងពិភពបាល់ទាត់របស់ខ្ញុំនៅទឹកដីអង់គ្លេស ប៉ុន្តែនៅទីបញ្ចប់អ្វីៗគឺមិនបានសមប្រកបតាមអ្នករាល់គ្នាចង់បាន។ ខ្ញុំចង់ត្រឡប់ទៅកាន់ទីនោះសារជាថ្មីម្តងទៀត។ យើងស្ទើរតែឈ្នះ Premier League និង UEFA Champions League ទៅហើយ ប៉ុន្តែយើងធ្វើមិនបានសម្រេច ដូច្នេះខ្ញុំចង់ទៅដឹកនាំ Spurs សារជាថ្មីម្តងទៀតដើម្បីបំពេញបំណងរបស់មុនពេលខ្ញុំស្លាប់ទៅ”។
យ៉ាងណាក្តីអតីតយុវជន Newell’s Old Boys បានបន្ថែមទៀតថាការវិលត្រឡប់មកកាន់ទីក្រុងឡុងដ៍វិញគឺមិនអាចកើតឡើងក្នុងពេលឆាប់ៗនោះទេ ប៉ុន្តែលោកសង្ឃឹមថាលោកនៅតែទទួលបានការគាំទ្រដដែលពីសំណាក់អ្នកគាំទ្ររបស់ក្រុមរហស្សនាមមាន់ខ្នាយមាស។
គួររំលឹកថា គ្រូបង្វឹក Mauricio Pochettino កំពុងតែដើរទាត់ខ្យល់ដោយទំនេរពីការងារបាល់ទាត់ ក្រោយត្រូវ Tottenham Hotspurs បញ្ចប់តំណែងកាលពីខែវិច្ឆិកាឆ្នាំមុន ខណៈលោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកមកជំនួសតំណែង។