សុខសាណា ប្រធានក្រុម ទ័ព ថាគោលដៅទី១ត្រូវយក Top 6
ខ្សែប្រយុទ្ធ ភូង សុខសាណា ប្រធានក្រុមរបស់ក្លិប Tiffy Army បានបង្ហើបថាក្រុមរបស់លោកបានដាក់គោលដៅជំហ៊ានទី១ យកតំណែង Top 6 អោយបានមុនពេលលីគកំពូលបាល់ទាត់កម្ពុជាបញ្ចប់ជុំទី១ ។
ខ្សែប្រយុទ្ធរបស់ក្រុមរហ័ស្សនាម ទ័ព បានបញ្ជាក់ថាដើម្បីមានកៅអីលេងប្រជែងជើងឯកយើងត្រូវប្រឹងប្រែងយក តំណែងលេខ៦ឡើងលើអោយបាន មុនចប់ជុំទី១ ហើយយើងជឿថាក្រុមយើងនឹងអាចធ្វើបានសម្រេច ។ បន្ថែមពីនេះ សាណា ថាបើសិនក្រុមយើងបញ្ចប់តំណែង Top 6 នោះជាជោគជ័យគោលដៅទី១របស់ក្រុមយើង មុនបន្ត ដាក់គោលដៅរកជើងឯកលីគ និងពាន សម្តេច ហ៊ុន សែន ។
Tiffy Army កំពុងស្ថិតនៅលេខរៀងទី៦ បន្ទាប់ពីឆ្លងកាត់ ១០ ប្រកួតមាន ១៧ ពិន្ទុ ដោយ ២ ប្រកួតដែលនៅសល់ក្នុងជុំទី១នេះ ត្រូវប៉ះ ភ្នំពេញក្រោន និង អគ្គិសនី ។ ចំណែកក្រុមដែលប្រជែងតំណែងរបស់ ទ័ព គឺ អង្គរថៃហ្គឺរ ដោយស្ថិតនៅលេខ៧ មាន ១៥ ពិន្ទុ ខណ: ២ ប្រកួតចុងក្រោយត្រូវប៉ះ ណាហ្គាវើល និង ប៉ូលិស ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតចប់ជុំទី១ ការប្រកួតលីគកំពូលបាល់ទាត់កម្ពុជាយកតែក្រុមលេខ១ដល់៦ តែប៉ុណ្ណោះដើម្បីប្រកួត វិលជុំយកពិន្ទុបន្តដើម្បីរកម្ចាស់ជើងឯកក្នុងរដូវកាលនេះ ខណៈក្រុមលេខ៧ដល់១៣ មិនមានឱកាសប្រកួតប្រជែងជើងឯកជាមួយលេខ១ដល់៦ឡើយ ៕