ភ្នាក់ងាររបស់ Aubameyang បន្ទោស Arteta អំពីបរាជ័យនៅ Tottenham Hot Spur
(BC-99)
កង្វះប្រសិទ្ធភាពក្នុងការរៀបចំក្រុមលេងគឺជាដើមចមរបស់លោក Kwaku Mensa ដែលជាតំនាងរបស់ខ្សែប្រយុទ្ធ ហ្គាបុង Pierre-Emerick Aubameyang ធ្វើការស្តីបន្ទោសទៅលើអ្នកដឹកនាំក្រុមកាំភ្លើងធំ Mikel Arteta ក្រោយពី Spurs បានស៊ុត២គ្រាប់យកឈ្នះ Arsenal កាលពីយប់ម៉ិញ។
ជារឿយៗលោក Kwaku Mensah បានផ្តល់តំបូន្មានឱ្យ Aubameyang ចាកចេញពី Emirates Stadium ទៅកាន់ក្លិបធំណាមួយក៏បានដែលអាចធ្វើឱ្យរូបគេមានអនាគតល្អជាងនេះ។ ដោយបានផ្តោតសំខាន់ទៅលើលោក Mikel Arteta ជាគោលដៅលោក Kwaku បានបង្ហោះសារលើបណ្តាញសង្គម Instagram របស់ខ្លួនអំពីបរាជ័យរបស់ Arsenal ។
លោកបានសរសេរយ៉ាងដូច្នេះថា “សមត្ថភាពរបស់ Aubameyang នៅតែជាប់ក្នុងចំណោមលំដាប់ថ្នាក់កីឡាករកំពូលៗលើពិភពលោក។ Auba ធ្លាប់កាន់ពានរង្វាន់ស្បែកជើងមាស។ តែសម្រាប់១១ប្រកួតនៅក្របខណ្ឌកំពូលនារដូវកាលនេះរូបគេបែជាមានឱកាសរកគ្រាប់បាល់បានតិចតួចក្នុងខណៈពេលដែលក្លិបក៏ពិបាករកជ័យជម្នះក្នុងការប្រកួតម្តងៗ។”
នៅមុននេះបន្តិច Pierre-Emerick Aubameyang ខ្លួនឯងក៏ធ្លាប់បានក្រើនរម្លឹកដល់សមាជិកក្រុមទាំងអស់របស់ខ្លួនឱ្យយកភាពខ្លាំងរបស់ Arsenal មកវិញតាមរយៈការប្រកួតយកឈ្នះ Tottenham Hot Spur របស់លោក Mourinho ឱ្យបានផងដែរតែលទ្ធផលបែជាមិនគាប់ចិត្តទៅវិញ។