កាលពីល្ងាចមិញ លោក Pep Guardiola បែកញើសថ្ងាស ក្រោយឃើញ Ilkay Gundogan ដើរចេញពីកន្លែងហ្វឹកហាត់ដោយសាររបួស
លោក Pep Guardiola ទំនងជានឹងបែកញើសថ្ងាសបន្តិច ដោយសារកាយសម្បទារបស់ Ilkay Gundogan បង្ហាញអាការៈមិនស្រួល បន្ទាប់ពីខ្សែបម្រើរូបនេះហាក់ដូចជាមានបញ្ហាភ្លៅហើយបានដើរចេញពីការហ្វឹកហាត់កាលពីល្ងាចមិញ នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាង Manchester City ជាមួយនឹងក្រុមតោខៀវ Chelsea ។
Gundogan បានអភិវឌ្ឍន៍ទំរង់លេងរបស់គេបានល្អ ក្នុងនាមជាខ្សែបម្រើសប្រយុទ្ធក្រោមការគ្រប់គ្រងរបស់លោក Guardiola នៅរដូវកាលនេះ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបំពេញតួនាទីបានល្អកាលពីប្រកួតយកជ័យជំនះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពីរដងរបស់ Man City លើក្រុម Paris Saint-Germain ហើយរូបគេក៏ជាតួសំខាន់ និងពោលពេញដោយបទពិសោធន៍ក្នុងការលេងនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នាយប់នេះ ដោយការប្រកួតនិងចាប់ផ្តើមនៅវេលាម៉ោង២រំលងអាធ្រាត្រ៕