ផ្ទុះសង្គ្រាមកណ្ដាប់ដៃ និងរន្ទះជើងរវាងអ្នកគាំទ្រ Chelsea និង Man City មុនផ្ដាច់ព្រ័ត្រ UCL
វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នឹងដំណើរការនៅរាត្រីនេះហើយ ដោយ Chelsea ត្រូវជួបជាមួយ Manchester City ដណ្ដើមតំណែងជើងឯក។
អ្នកគាំទ្រ១៦៥០០ត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនានាកីឡដ្ឋាន Do Dragao នាក្រុង Porto ប្រទេសព័រទុយហ្គាល់។
តែអ្វីគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រុមអ្នកគាំទ្រក្រុមទាំង២ច្រើននាក់បានបង្កហិង្សាដាក់គ្នាទៅវិញទៅមក មានទាំងកណ្ដាប់ដៃ រន្ទះជើង ចង់ប្រហែលគុនខ្មែរទៅហើយ ធ្វើឲ្យកងកម្លាំងមានសមត្ថកិច្ចដែលកំពុងមមាញឹកនឹងការពាររៀបចំសន្តិសុខមុនការប្រកួត ទៅរវល់បំបែកពួកគេទៀត។
អស់ពីវាយគ្នាលើទីវាល មានអ្នកខ្លះប្រតាយប្រតប់មួយស្មើលើដងផ្លូវ មានទាំងគប់វត្ថុរឹងផ្សេងៗដាក់គ្នាដែរ។ ទោះបីកម្លាំងប៉ូលិសព្យាយាមឃាត់ក៏ពួកគេមិនស្ដាប់។ គេជឿជាក់ថា ការប្រកួតយប់នេះអាចនឹងតានតឹងខ្លាំង។
នេះជាលើកទី៣ហើយដែលវគ្គផ្ដាច់ព្រ័ត្រ UCL ត្រូវបានប៉ះគ្នាដោយក្រុមអង់គ្លេសសុទ្ធសាធតែម្ដង និងជាលើកទី២ក្នុងរយៈពេល៣រដូវកាលចុងក្រោយ។
កាលឆ្នាំ២០០៨ Chelsea ចាញ់ Man UTD ៦-៥ ដោយការទាត់១១ម៉ែត្រកាត់សេចក្ដី ក្រោយស្មើគ្នា១ទល់នឹង១អំឡុង១២០នាទី។
១១ឆ្នាំក្រោយមក Liverpool ឈ្នះ Tottenham ២ទល់នឹង០ នៅ Madrid។
ប្រសិនបើអាចឈ្នះ Chelsea ក្នុងឆ្នាំនេះ Manchester City នឹងក្លាយជាក្លិបអង់គ្លេសទី៦ដែលបានលើកពាន UEFA Champions League បន្ទាប់ពី Liverpool, Manchester United, Nottingham Forest, Chelsea និង Aston Villa។
City ក៏ជាក្រុមអង់គ្លេសទី៩ឡើងផ្ដាច់ព្រ័ត្រ UCL បន្ទាប់ពី Liverpool, Manchester United, Nottingham Forest, Chelsea, Aston Villa, Leeds United, Arsenal និង Tottenham។
ក្រុមអង់គ្លេសដែលលើកពាន UCL ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺ Aston Villa កាលឆ្នាំ១៩៨២ ពេលឈ្នះ Bayern Munich៕