គ្រូថៃថា មិនភ្ញាក់ផ្អើលដែលឥណ្ឌូនេស៊ីឈ្នះវៀតណាម
លោក Issara Sritaro គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំបាននិយាយថា កាលវិភាគអំណោយផលជាផ្នែកមួយ ដែលនាំឱ្យ U22 ឥណ្ឌូនេស៊ី យកឈ្នះ U22 វៀតណាម ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតបាល់ទាត់បុរស ស៊ីហ្គេម លើកទី៣២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៣ ខែឧសភា។
លោក Sritaro សប្បាយចិត្តក្នុងការឈានចូលវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមឥណ្ឌូណេស៊ីនៅថ្ងៃទី១៦ ខែឧសភា។
“ឥណ្ឌូនេស៊ីមានថ្ងៃសម្រាកច្រើនជាងក្រុមទាំងពីរក្នុងពូល B។ ដូច្នេះខ្ញុំមិនភ្ញាក់ផ្អើលទេដែលពួកគេបានយកឈ្នះក្រុម U22 វៀតណាម ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ពូល B មានថ្ងៃសម្រាកតែមួយថ្ងៃប៉ុណ្ណោះ ខណៈពូល A មានពីរថ្ងៃ។ ឥណ្ឌូនេស៊ីមានការលេងជាក្រុមក៏បានល្អ។ ខ្ញុំចង់អរគុណអ្នកគាំទ្រដែលបានមកដល់ទីលាននិងបានអបអរតាមកញ្ចក់ទូរទស្សន៍។ វាជាប្រភពនៃកម្លាំង និងកម្លាំងចិត្តសម្រាប់ពួកយើង។ នៅពេលឈប់សម្រាកពីរថ្ងៃ ខ្ញុំនឹងពិនិត្យមើលកម្លាំងរបស់ក្រុមដើម្បីត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងឥណ្ឌូនេស៊ី។”
គួរដឹងដែរថា U22 ថៃបានយកឈ្នះមីយ៉ាន់ម៉ា ដោយលទ្ធផល៣ទល់នឹង០ ឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសថ្ងៃទី១៦ ខែឧសភា នៅស្តាតអូឡាំពិក។ ចំណែកការប្រកួតយកមេដាយសំរឹទ្ធរវាងវៀតណាម និងមីយ៉ាន់ម៉ា ក៏ធ្វើឡើងនៅថ្ងៃតែមួយ និងទីតាំងដូចគ្នា៕