Honda ពិតជាយកចិត្តទុកដាក់ចំពោះកម្ពុជាខ្លាំងមែន!
អតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Keisuke Honda បានលើកឡើងអំពីគោលបំណងចង់ជួយដល់ពលរដ្ឋកម្ពុជាបន្តទៀត បន្ទាប់ពីបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាអ្នកចាត់ការទូទៅដោយមិនគិតតម្លៃពលកម្មថែមទាំងផ្តល់តម្លៃនឿយហត់ដល់គ្រូ Félix Dalmás ដឹកនាំក្រុមគោព្រៃកម្ពុជា រួមជាមួយក្រុមការងារមួយចំនួនផ្សេងទៀតផងដែរ។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះថា៖ “វាជារឿងដ៏សមរម្យបំផុតដែលខ្ញុំសម្រេចចិត្តមកជួយពលរដ្ឋខ្មែរ បើទោះបីជាពួកគេមិនបានស្នើសុំឲ្យជួយក៏ពិតមែន ហើយអ្វីៗកាន់តែមានន័យទៀត បើសិនខ្ញុំអាចទាក់ទាញមនុស្សពី ១០ ទៅ ២០% មកជួយកម្ពុជាបាន”។ បុរសសញ្ជាតិជប៉ុនរូបនេះ បានមកធ្វើជាអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ខណៈដែលសហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ចប់កិច្ចសន្យាគ្រូបង្គោលជនជាតិប្រេស៊ីល Leonardo Vitorino ឱ្យចាកចេញពីតំណែងអំឡុង ខែតុលា ឆ្នាំ២០១៧ និង ផ្តល់ការងារបណ្ដោះអាសន្ន អោយលោក ប្រាក់ សុវណ្ណារ៉ា បន្តមុនពេលប្រកាសលោក ហុង ដា ជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា នេះគឺជាទឹកចិត្តដ៏ល្អបំផុតរបស់ជនជាតិជប៉ុនម្នាក់នេះមកលើកម្ពុជា ស្របពេលបច្ចុប្បន្ន Honda កំពុងតែលេងឱ្យក្លិប Botafogo នាក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេសប្រសុីល ខណៈដែលបានបង្ហាញខ្លួន ១ លើក ស៊ុតបញ្ចូលទីបាន ១ គ្រាប់ មុនពេលលីគនេះត្រូវបានសម្រាកដោយសារជំងីកូវីដ-១៩៕