ក្រុមហ៊ុនរបស់ម្ចាស់ Man City ប្រកាសដៃគូថ្មីជាក្លិបធំជាងគេនៅបូលីវី
ក្រុមហ៊ុន City Football Group (CFG) ដែលជាកម្មសិទ្ធិរបស់ម្ចាស់ក្លិប Manchester City បានប្រកាសដៃគូថ្មីមួយទៀត ជាក្លិបធំជាងគេនៅប្រទេសបូលីវី គឺ Club Bolivar។
កិច្ចព្រមព្រៀងរវាងភាគីទាំង២ចែងថា CFG មិនចូលគ្រប់គ្រង Club Bolivar ដូចក្លិបបុត្រសម្ព័ន្ធផ្សេងៗទៀតទេ ដោយគ្រាន់តែរួមចំណែកចែករំលែកពីយុទ្ធសាស្ត្រ និងបច្ចេកវិទ្យា។
លោក Ferran Soriano នាយកប្រតិបត្តិ CFG ថ្លែងបែបនេះ “៖នេះជាកិច្ចព្រមព្រៀងរយៈពេលវែងដែលនឹងជួយ Club Bolivar ពង្រីកវិសាលភាពក្នុងឧស្សាហកម្មបាល់ទាត់ដែលជួយដោយ CFG។ ក្រៅជួយជ្រោមជ្រែង Club Bolivar យើងក៏អាចយកឱកាសរៀនសូត្រថែមទៀតពីការបង្កើនចំណេះដឹង និងពង្រីកបណ្ដាញរបស់យើងក្នុងបាល់ទាត់អាមេរិកខាងត្បូង។”
មិនតែប៉ុណ្ណោះទេ Club Bolivar ក៏អាចទទួលបានការណែនាំពីការតាមដានកីឡាករ, វិធីសាស្ត្ររបស់គ្រូបង្វឹក, យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាលយុវជន, វិទ្យាសាស្ត្រកីឡា ជាដើម។
កាលខែកញ្ញា ឆ្នាំ២០២០ City Football Group បានទិញក្លិប Troyes នៃក្របខណ្ឌទី២បារាំង Ligue 2។ ពួកគេក៏មានបណ្ដាញនៅ Major League Soccer ដោយគ្រប់ក្លិប New York City FC, ក្លិបអេស្ប៉ាញ Girona និងក្លិបកំពូលឥណ្ឌា Mumbai City៕