Del Piero៖ Andrea Pirlo អាចក្លាយជាគ្រូបង្វឹកល្អជាង Zinedine Zidane ទៅទៀត
កាលពីថ្ងៃអាទិត្យ Juventus បានប្រកាសពីការចែកផ្លូវគ្នាដើរជាមួយគ្រូបង្វឹក Maurizio Sarri ក្រោយពីក្រុមរហស្សនាមសេះបង្កង់បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ក្រោយពីការបញ្ចប់តំណែងខាងលើបានប៉ុន្មានម៉ោងតែប៉ុណ្ណោះ ក្រុមជើងឯក Serie A ៣៦សម័យក៏បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីភ្លាមៗយ៉ាងគួរឱ្យភ្ញាក់ផ្អើលគឺ Andre Pirlo ដែលទើបតែចុះកុងត្រាដឹកនាំក្រុមអាយុក្រោម២៣ឆ្នាំរបស់ Juventus កាលពី២សប្តាហ៍មុនតែប៉ុណ្ណោះ។
យ៉ាងណាក្តីអតីតខ្សែបម្រើ Alessandro Del Piero ក៏បានបញ្ចេញចំណាប់អារម្មណ៍ចំពោះមិត្តរួមក្រុមចាស់របស់ខ្លួនផងដែរថា៖ “Pirlo មានអ្វីៗគ្រប់យ៉ាងដែលធ្វើបានល្អជា Zinedine Zidane ធ្វើបានឱ្យ Real Madrid ទៅទៀត។ ដូចនេះយើងត្រូវរងចាំមើលទាំងអស់គ្នា”។
គួររំលឹកថា Andrea Pirlo បានក្លាយជាសមាជិករបស់ Juventus នៅចន្លោះឆ្នាំ២០១១-២០១៥ ហើយបានឈ្នះពានរង្វាន់ Serie A ៤សម័យ, Coppa Italia ១សម័យ និង Supercoppa Italiana ២សម័យផងដែរ។