Chelsea, Man Utd, Leicester ប្រជែងគ្នាយកតំបន់កំពូលទាំង៤ រីឯ Spurs និង Wolves ដណ្តើមកៅអី EUROPA League
(BC-99)
ក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសរដូវកាល ២០១៩-២០២០ បានរកឃើញ Liverpool ជាម្ចាស់ជើងឯកហើយ ខណៈដែលការប្រកួតនឹងត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យសប្តាហ៍នេះដោយក្រុមទាំង២០ត្រូវប្រព្រឹត្តធ្វើឡើងនៅពេលតំណាលគ្នាតែម្តង។
បើទោះជាគេឃើញ Liverpool បានលើកបង្ហាញពានរង្វាន់ដែលពួកគេបានរង់ចាំអស់រយៈពេល៣០ឆ្នាំរួចមកហើយមែន តែពុំមែនបានន័យថាការប្រកួតរបស់ក្របខណ្ឌ Premier League នារដូវកាលនេះបានបិទបញ្ចប់់នោះទេ។ សប្តាហ៍ប្រកួតចុងក្រោយនេះទៀតសោតក៏ជាការកាត់ក្តីជ្រើសរើសក្រុមលេខ៣និងលេខ៤ដែលមានមុខទៅលេង Champions League រដូវកាលក្រោយ។ ការកាត់ក្តីក្រុមដែលមានកៅអីទៅលេង EUROPA League វគ្គ Group Stage និង Play off ជាពិសេសគឺជាការសម្រេចជោគវាសនាក្រុមដែលនៅបន្តឬត្រូវកាត់ចេញទៅលេងក្របខណ្ឌក្រោមតែម្តង។
នៅថ្ងៃអាទិត្យ ទី២៦ កក្កដា វេលាម៉ោង១០នៅកម្ពុជាយើងនេះជំនួបដ៏តានតឹងជាងគេត្រូវបានគេគិតថាជាការប៉ះគ្នារវាងក្រុមលេខ៥ Leicester City ដែលមាន៦២ពិន្ទុនិងក្រុមលេខ៣ Man Utd ដែលមាន៦៣ពិន្ទុ ក្នុងការប្រជែងយកចំនាត់ថ្នាក់យ៉ាងហោចណាស់លេខ៤។ ក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវការតែមួយពិន្ទុតែប៉ុណ្ណោះដើម្បីរកផ្លូវទៅលេង Champions League រដូវកាលក្រោយក្នុងខណៈពេលដែល Leicester City ត្រូវការឈ្នះដាច់ខាតទើបអាចឡើងទៅកាន់ចំណាត់ថ្នាក់យ៉ាងហោចណាស់លេខ៤និងបានទៅលេង Champions League បានសាជាថ្មីវិញ។
ជំនួបដ៏តានតឹងមួយទៀតដែរគឺជាការប្រជែងគ្នារវាងក្រុមលេខ៤ Chelsea ជាមួយក្រុមលេខ៦ Wolves ។ តោខៀវដែលមាន៦៣ពិន្ទុដូចបិសាចក្រហមដែរនោះក៏ត្រូវការតែមួយពិន្ទុដែរដើម្បីមានកន្លែងទៅលេង Champions League នៅរដូវកាលក្រោយ ក៏ប៉ុន្តែបើ Man Utd ឈ្នះលើ Leicester City វាកាន់តែផ្តល់ផលប្រយោជន៍អោយក្រុមលោក Lampard កាន់តែខ្លាំងថែមទៀតបើទោះជាពួកគេចាញ់ការប្រកួតក៏មិនថ្វី។ រីឯ Wolves ត្រូវការ៣ពិន្ទុជាចាំបាច់ដើម្បីបានកៅអីលេង EUROPA វគ្គចែកពូលដោយពុំបាច់ឆ្លងកាត់ការប្រកួត Play off។ តែការយកឈ្នះលើក្រុមតោខៀវក្នុងផ្ទះវាមិនមែនជារឿងងាយស្រួលសម្រាប់ក្រុមកញ្ជ្រោងនុះឡើយ។
រឿងដាច់ដោយឡែកមួយទៀតគឺក្រុមមាន់ខ្នាយមាស Tottenham Hot Spur របស់លោក Mourinho ក៏ត្រូវការ៣ពិន្ទុជាចាំបាច់ពីម្ចាស់ផ្ទះឥន្ទ្រីចរណៃ Crystal Palace ដែលមានសុវត្ថិភាពរួចទៅហើយដែរ។ Spurs ត្រូវការ៣ពិន្ទុដើម្បីអោយប្រាកដថាអាចឈរនៅលើលេខរៀងទី៥ជំនួស Wolves ព្រោះគេមិនជឿថា Chelsea អាចទុកឱកាសអោយ Wolves នោះឡើយ។
សម្រាប់ការតស៊ូដណ្តើមរស់នៅក្របខណ្ឌ Premier League ជាបន្តវិញគេឃើញមានក្រុមចំនួន៣ដែលកំពុងប្រជែងគ្នាគឺ Aston Villa, Watford និង Bournemouth ដែលពួកគេសុទ្ធតែប្រកួតក្រៅផ្ទះនៅសប្តាហ៍ចុងក្រោយនេះ។
Watford ដែលទើបតែចាញ់ Man City ៤-០ កាលពីយប់ថ្ងៃអង្គារ៍កន្លងទៅពិតជាពិបាកក្នុងការរក៣ពិន្ទុពីកាំភ្លើងធំ Arsenal ជាម្ចាស់ផ្ទះប្រសិនបើក្រុមលោក Ateta ដាក់កីឡាករពេញជើង។ ពួកគេមានឱកាសនៅបន្តប្រសិនបើគេស្មើក្នុងខណៈពេលដែលក្រុម Aston Villa ចាញ់។
Aston Villa ក៏មានសង្ឃឹមដូចគ្នានិងបញ្ច្រាស់គ្នាពី Watford ដែរព្រោះក្រុមទាំងពីរមាន៣៤ពិន្ទុស្មើគ្នា។ ប្រសិនបើគេឈ្នះបាន៣ពិន្ទុពី West Ham ក្នុងខណៈពេលដែល Watford ឈ្នះ Arsenal ដែរនោះក្រុម Villa អាចមានសំណាងល្អបានរួចខ្លួនដោយសារតែមានគ្រាប់បាល់ស៊ុតបានច្រើនជាង។
ភាគរយនៅ Premier League ជាបន្តទៀតរបស់ FC Bournemouth គឺមានតិចតួចណាស់ជាមួយនិងពិន្ទុដែលមានក្នុងដៃ ៣១ពិន្ទុឈរលើចំណាត់ថ្នាក់លេខ១៩។ ក្រុមនេះត្រូវតែឈ្នះដាច់ខាតលើ Everton អោយបានចាប់៨គ្រាប់ក្នុងខណៈពេលដែល Watford និង Aston Villa ត្រូវតែចាញ់ការប្រកួតដូចគ្នា។