ឥណ្ឌូនេស៊ីគ្រោងយកយុវជនកូនកាត់អង់គ្លេស និងស៊ុយអែតប្រកួត AFC U19
កីឡាករជាកូនកាត់កំពុងនៅអឺរ៉ុបដូចជា Joe Ferguson (U18 Blackburn Rovers), Jack Brown (U18 Lincoln City), Elkan Baggott (U18 Ipswich Town) និង Nyoman Paul Aro (U19 ) ស្ថិតក្នុងគម្រោងដែលសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) គ្រោងកោះហៅជួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំក្នុងព្រឹត្តិការណ៍ AFC U19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន។
ក្នុងចំណោមនោះ Ferguson ហាក់លេចធ្លោជាងគេ។ ក្នុងនាមជាខ្សែការពារកូដស្ដាំ គេកំពុងហ្វឹកហាត់នៅថ្នាលអាយុក្រោម១៨ឆ្នាំ Blackburn Rovers និងលេងបាន៦ប្រកួតនៅ Premier League U18 រដូវកាលនេះ។ ប្រសិនបើទទួលការយកការកោះហៅ U19 ឥណ្ឌូនេស៊ីនឹងអាចបន្ថែមគុណភាពល្អថែមទៀតនៅតំបន់ការពារ។
ប្រភពព័ត៌មានក្នុងស្រុកឲ្យដឹងថា PSSI កំពុងបើកចំហរដល់យុវជនឥណ្ឌូនេស៊ីនៅក្រៅស្រុក ហើយកីឡាករខ្លះក៏សាទរចំពោះការទាក់ទងនេះដែរ។
យ៉ាងណា គ្រូជំនួយឥណ្ឌូនេស៊ី Nova Arianto មិនទាន់ទម្លាយឈ្មោះជាក់លាក់ដែលនឹងត្រូវពាក់អាវ U19 ទេ។ ចំពោះទិន្នន័យ និងវីដេអូពីកីឡាករទាំងនោះត្រូវបានបញ្ជូនទៅកាន់គ្រូធំ Shin Tae-yong រួចរាល់ហើយ។ ប្រសិនបើគម្រោងនេះទទួលបានផ្លែផ្កា ឥណ្ឌូនេស៊ីនឹងរៀបចំបន្ថែមឈ្មោះមុនការប្រកួតចូលមកដល់។
ក្រុម U19 ពិតជាសំខាន់ខ្លាំងសម្រាប់ឥណ្ឌូនេស៊ី ព្រោះពួកគេនឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup U20 នៅឆ្នាំ២០២១ ខាងមុខ។
គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍ AFC U19 Championship 2020 ឥណ្ឌូនេស៊ី ស្ថិតនៅពូល A មានម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ង់ និងកម្ពុជា។ ពួកគេនឹងបើកឆាកតទល់កម្ពុជានៅថ្ងៃទី១៤ ខែតុលា៕