Inter ត្រូវចាយ១៥០លានអឺរ៉ូ បើចង់បញ្ចប់តំណែងលោក Conte
Inter Milan នឹងត្រូវចំណាយសំណង១៥០លានអឺរ៉ូ ក្នុងករណីបញ្ចប់តំណែងអ្នកចាត់ការ Antonio Conte នៅរដូវកាលនេះ។
ក្រោយស្មើ Verona ២ទល់នឹង២ Inter បានរអិលទៅកាន់ចំណាត់ថ្នាក់លេខ៤ និងជាការរបូតពិន្ទុបន្តបន្ទាប់ខុសពីដើមរដូវកាលដែលពួកគេលេងបានយ៉ាងល្អ ជាពិសេសការចាប់ដៃគូរវាង Romelu Lukaku និង Lautaro Martinez។ ផ្ទុយទៅវិញ ក្រោយលេចឮដំណឹងទាក់ទងពី FC Barcelona មួយរយៈធំចុងក្រោយ ការលេងរបស់ Martinez ហាក់ប្លែកខ្លាំងពីមុន។
កម្ដៅក៏ចេះតែឡើងសម្រាប់លោក Conte។ យ៉ាងណា អតីតអ្នកចាត់ការ Juventus និង Chelsea ទំនងនៅតែបន្តការងារនៅ San Siro។ ហិរញ្ញវត្ថុអាចជារបាំងនៃការចែកផ្លូវពីបុរសជនជាតិអ៊ីតាលី។
សារព័ត៌មាន Corriere dello Sport ឲ្យដឹងថា Inter Milan បានចាយសំណងដល់អតីតអ្នកចាត់ការ Luciano Spalletti ក្រោយការបណ្ដេញ និងបានចុះកិច្ចសន្យាជាមួយលោក Conte ដល់ឆ្នាំ២០២២ ភ្ជាប់ដោយថ្លៃពលកម្ម១២លានអឺរ៉ូក្នុងមួយរដូវកាល។ ដូច្នេះបើគិតថ្លៃសំណងចំពោះការបណ្ដេញចេញ គឺត្រូវចាយ១៥០លានអឺរ៉ូ។
ដោយឡែក ប្រភពដដែលបង្ហើបថា លោក Massimiliano Allegri, Mauricio Pochettino និងលោក Unai Emery ជាបេក្ខជនឈានមុនដែលអាចជំនួសតំណែងលោក Conte ប្រសិនបើមានការបណ្ដេញចេញពី Inter Milan មែននោះ។
គួរដឹងដែរថា លោក Antonio Conte បានចូលដឹកនាំ Inter Milan នៅដើមរដូវកាល២០១៩/២០២០។ បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅក្រុង Milan ស្ថិតនៅលេខ៤ មាន៦៥ពិន្ទុពីការប្រកួត៣១លើក៕