ក្រៅពី Pogba កីឡាករ៦នាក់នេះក៏ធ្លាប់ assist បាន៤ដងក្នុងមួយប្រកួតនៅ Premier League ដែរ
Arsenal មានកីឡាករច្រើនដែលធ្លាប់ assist ដល់ទៅ៤លើកក្នុងមួយប្រកួតនៅ Premier League។ តែបើបូកទាំង Paul Pogba យប់មិញទៀត សរុប Premier League មានកីឡាករ៧នាក់ដែលធ្វើបាន assist ៤ដងក្នុងមួយប្រកួត។
ឥឡូវ MSR Sports សូមលើកឡើងពីកីឡាករទាំង៧ដូចតទៅ ៖
១. Paul Pogba
ខ្សែបម្រើ Manchester United បានបង្កើតឱកាសឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី៤លើកពេលឈ្នះ Leeds United ៥ទល់នឹង១ ប្រកួតដំបូងរបស់បិសាចក្រហម រដូវកាល២០២១/២០២២ នៃក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា។ គេបាន assist ឲ្យ Bruno Fernandes ២ដង, Mason Greenwood ១ដង និង Fred ១ដង។
២. Dennis Bergkhamp
អតីតខ្សែប្រយុទ្ធ Arsenal ខាងលើជាអ្នក assist ៤ដងមុនគេក្នុងមួយប្រកួតនៅ Premier League ដែលធ្វើបានក្នុងរដូវកាល១៩៩៨/១៩៩៩។ កាលណោះអតីតកីឡាករជម្រើសហូឡង់ធ្វើបានក្នុងការប្រកួតតទល់ Leicester City។
៣. Antonio Reyes
អតីតខ្សែប្រយុទ្ធអេស្ប៉ាញធ្វើបានបែបនេះអំឡុងជំនួបរវាង Arsenal និង Middlesbrough រដូវកាល២០០៥/២០០៦។ គេរកបាន៥គ្រាប់ និង assist ១០ក្នុងរដូវកាលនោះ។ គេក៏រួមចំណែកជួយ Arsenal ឈ្នះជើងឯក Premier League រដូវកាល២០០៣/២០០៤ ដែលជារដូវកាលក្រុមកាំភ្លើងធំមិនចាញ់សោះ។ ជាអកុសល Reyes បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ឯស្រុកកំណើតនាប្រទេសអេស្ប៉ាញ។
៤. Cesc Fabregas
Cesc Fabregas ជាកីឡាករពូកែ assist មួយរូបនៅ Premier League។ កាលនៅ Arsenal គេធ្លាប់ assist ៤ពេលប៉ះ Blackburn រដូវកាល២០០៩/២០១០។ សរុបទៅ គេជាកីឡាករទី២ assist បានច្រើនជាងគេនៅ Premier League ដោយធ្វើបាន ១១១ដង ខណៈ Ryan Giggs ឈរលេខ១ មាន១៦២ដង។
៥. Emmanuel Adebayor
អតីតខ្សែប្រយុទ្ធតូហ្គោរូបនេះ assist បាន៤ដងដែរកាលលេងឲ្យ Tottenham ក្នុងជំនួបជាមួយ Newcastle United រដូវកាល២០១១/២០១២។
៦. Santi Cazorla
អតីតខ្សែបម្រើ Arsenal ធ្វើបាន assist ៤ដងក្នុងជំនួបជាមួយ Wigan រដូវកាល២០១២/២០១៣។ គេចេះលេងជើងទាំង២ ហើយប្រសិនបើគ្មានរបួសកែងជើងទេ អាជីពរបស់គេអាចនឹងកាន់តែលេចធ្លោជាងនេះ។
៧. Harry Kane
ខ្សែប្រយុទ្ធឆ្នើមរបស់ Tottenham Hotspur រូបនេះ assist ៤ដងឲ្យ Heung min son ក្នុងជំនួប Southampton រដូវកាលមុន ហើយជារដូវកាលដែលគេឈ្នះទាំងស្បែកជើងមាស និង Top Assist៕