មហាសេដ្ឋី Ratcliffe ទិញហ៊ុន Man UTD បានការអនុម័តពី Premier League ហើយ
កិច្ចព្រមព្រៀងរបស់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ដើម្បីទិញភាគហ៊ុន ២៥ភាគរយនៅ Manchester United ត្រូវបានអនុម័តដោយ Premier League។
កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១,៣ពាន់លានដុល្លារ នៅចាំតែភ្លើងបៃតងពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសមួយទៀតប៉ុណ្ណោះ។
គ្រួសារ Glazer នឹងរក្សាភាគហ៊ុនភាគច្រើននៅក្នុងក្លឹប ប៉ុន្តែ Ineos Group របស់ Ratcliffe នឹងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់។
លោក Ratcliffe បានព្រមព្រៀងទិញក្លិបនៅថ្ងៃបុណ្យណូអែល ហើយក៏រាប់បញ្ចូលផងដែរនូវទឹកប្រាក់ចំនួន ៣០០លានដុល្លារសម្រាប់ការវិនិយោគនាពេលអនាគតទៅក្នុងកីឡដ្ឋាន Old Trafford៕