
At.Madrid សារ៉េយកខ្សែប្រយុទ្ធស្រួចម្នាក់ពីប្រជៀវខ្មៅ ទុកចាប់ដៃគូរជាមួយ Diego Costa
ក្រោយពីបាត់បង់កីឡាករឆ្នើមបំផុតប្រចាំក្រុមដូចជា ខ្សែការពារ Diego Godin រួមជាមួយ Lucas Hernandez ខ្សែបំរើ Rodri និងខ្សែប្រយុទ្ធ Antoine Griezmann ពេលនេះគ្រូបង្វឹក Diego Simeone បានដុតដៃដុតជើងនាំយកកីឡាករថ្មីៗមួយចំនួនយកមករៀបចំក្រុមសារជាថ្មីវិញ ដើម្បីអោយក្រុមមានស្ថេរភាព។
ក្នុងនោះ At.Madrid ក៏បាននាំយកកីឡាករថ្មីៗមួយចំនួនមកជំនួសតំណែងនេះវិញផងដែរ ដែលមានដូចជា Joao Felix, Marcos Llorente, Kieran Trippier និង Mario Hermoso ជាដើម។
ខណៈដែលទីផ្សារដោះដូរកីឡាករក្នុងប្រទេសអេស្ប៉ាញជិតនិងបិទទ្វារដែរ លោក Deigo Simeone ក៏កំពុងសំរេចទិញយកខ្សែប្រយុទ្ធ Rodrigo Moreno ពីប្រជៀវខ្មៅ Valencia ក្នុងតំលៃ ៦០លានផោន។
បើទោះបីជាបច្ចុប្បន្ន At.Madrid មានខ្សែប្រយុទ្ធឆ្នើមៗដូចជា Felix, Diego Costa, Alvaro Morata ក៏ដោយ ក៏វត្តមានរបស់ខ្សែប្រយុទ្ធ Rodrigo ជាកំលាំងសំខាន់មួយមិនអាចខ្វះបានរបស់លោក Simeone សំរាប់ប្រជែងកៅអី Top-4 ជាពិសេសតំណែងជើងឯកជាមួយ Barcelona និង Real Madrid។
តាំងពីក្លាយខ្លួនជាកីឡាកររបស់ប្រជៀវខ្មៅ Valencia កាលពីឆ្នាំ២០១៤មក Rodrigo ធ្លាប់បានចូលលេងចំនួន ១៨៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៥១គ្រាប់៕