Salah ជាកីឡាករទី១នៅ Premier League ដែលរកគ្រាប់បាល់សប្ដាហ៍បើកឆាក៥រដូវកាលជាប់គ្នា
Mohamed Salah បានក្លាយជាកីឡាករទី១ក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចរកគ្រាប់បាល់បញ្ចូលទីក្នុងសប្ដាហ៍បើកឆាកដល់ទៅ៥រដូវកាលជាប់ៗគ្នា ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ០ទល់នឹង៣របស់ Liverpool លើ Norwich City នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា។
ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបបានទាត់មួយជើងឆ្វេងបញ្ចូលទីក្នុងនាទី៧៤ និងជាគ្រាប់ទី៣សម្រាប់ Liverpool។ ៤រដូវកាលមុន គេទាត់ចូល Leeds, United, Norwich (២គ្រាប់), West Ham និង Watford។
អតីតកីឡាករ FC Basel, Chelsea, Fiorentia និង AS Roma ដដែលក៏ជាអ្នក assist ឲ្យ Diogo Jota និង Roberto Firmino ទាត់បញ្ចូលទីផងដែរ។
ក្នុងចំណោមសប្ដាហ៍បើកឆាក៥រដូវកាលមកនេះ Salah រួមចំណែកបង្កើតបាន១០គ្រាប់ ដោយទាត់ចូល៧គ្រាប់ និង assist ៣ដង។ មានតែ Wayne Rooney ទេដែលមានកំណត់ត្រាល្អជាងក្នុងថ្ងៃបើកឆាក គឺរកបាន៨គ្រាប់ និង assist ៥ដង។ ប្រសិនបើ Salah នៅតែលេងឲ្យ Liverpool គេអាចនឹងមានឱកាសបំបែកកំណត់ត្រារបស់ Rooney។
Salah នៅតែជាកម្លាំងសំខាន់របស់ Liverpool ហើយក្រុមហង្សក្រហមរំពឹងថា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំនឹងចុះកុងត្រាថ្មី បន្ទាប់ពី Trent Alexander-Arnold, Alisson Becker, Fabinho និង Virgil van Dijk៕