រឿង សោភ័ណ្ឌ បង្ហើបយុទ្ធសាស្ត្រផ្តួល វង្ស វិឆ័យ សន្លប់
ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានបង្ហើបពីយុទ្ធសាស្ត្រ ដែលអាចផ្តួលជើងខ្លាំង វង្ស វិឆ័យ បានសម្រេចក្នុងការប្រកួតលើកទី២ នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ចុងសប្ដាហ៍កន្លងទៅ ។
ដោយសារលើកទី២ នេះ វង្ស វិឆ័យ មានបំណងចង់ផ្តួលខ្លួនអោយសន្លប់ ទើបម្ចាស់ខ្សែក្រវាត់៨គ្រឿងរូបនេះ ត្រៀមប្រើកណ្តាប់ដៃឆ្វេងរបស់ខ្លួនអោយធ្ងន់ជាងការប្រកួតលើកទី១ ពោលព្យាយាមវ៉ៃមួយៗ ប៉ុន្តែប្រើកម្លាំងខ្លាំង នេះជាយុទ្ធសាស្ត្ររបស់ រឿង សោភ័ណ្ឌ ។
គួររំលឹកថា រឿង សោភ័ណ្ឌ ធ្លាប់ឈ្នះ វង្ស វិឆ័យ ទាំងពិន្ទុប្រផិតប្រផើយ ក្នុងការជួបគ្នាលើកទី១ ហើយក៏មានការមិនពេញចំពោះលទ្ធផល ទើបមានការរៀបចំអោយប៉ះគ្នាម្តងទៀត ដោយលើកទី២នេះ រឿង សោភ័ណ្ឌ បានវ៉ៃអោយសិស្សក្លិប ឆ័ត្រយោង៩១១ រាប់២ដង ក្នុងទឹកទី៣ ហើយទឹក៤ ការវ៉ៃមួយដៃឆ្វេងរបស់ រឿង សោភ័ណ្ឌ ធ្វើអោយ វិឆ័យ សន្លប់ឈរ ដោយអាជ្ញាកណ្ដាលបញ្ឃប់ភ្លាមៗតែម្តង ៕