ប្អូនប្រុសរបស់ Aurier ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់
ក្លឹបមាន់ខ្នាយមាសបានចេញរបាយការណ៍បញ្ជាក់ថាប្អូនប្រុសរបស់ខ្សែការពារ Tottenham – Serge Aurier ត្រូវបានបាញ់សម្លាប់នៅប្រទេសបារាំង។
Christopher Aurier ដែលជាកីឡាករបាល់ទាត់ស្ម័គ្រចិត្តត្រូវបានគេបាញ់សម្លាប់នៅតំបន់ Thibaud នៃទីក្រុង Toulouse នៅម៉ោងប្រហែល ៥ ព្រឹកនាព្រឹកថ្ងៃចន្ទនេះ។
សេចក្តីថ្លែងការណ៍របស់ Tottenham បានសរសេរថា៖ “យើងមានការសោកស្តាយយ៉ាងខ្លាំងដែលបានទទួលដំនឹងថាប្អូនប្រុសរបស់ Serge Aurier បានទទួលមរណភាពនៅព្រឹកព្រលឹមនៃព្រឹកនេះ។ យើងសូមចូលរួមរម្លែកទុក្ខនៅគ្រាដ៏លំបាកនេះហើយយើងស្នើសុំឱ្យមានការគោរពសិទ្ធិឯកជនរបស់កីឡាករនិងក្រុមគ្រួសាររបស់គាត់។ យើងទាំងអស់គ្នាដែលជាសមាជិករបស់ក្លឹបសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់គាត់”។
បើយោលទៅតាមការសរសេរលម្អិតដោយសារព័ត៌មានបារាំង La Depeche បានអោយដឹងថាលោក Christopher Aurier អាយុ ២៦ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងស្ថានភាពធ្ងន់ធ្ងរមួយនៅព្រឹកព្រលឹមថ្ងៃច័ន្ទបន្ទាប់ពីត្រូវគេបាញ់ចំពោះនៅខាងក្រៅក្លឹបរាត្រីមួយកន្លែង។ Christopher ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Toulouse ខណៈដែលមូលហេតុនិងជនសង្ស័យមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
គួរបញ្ជាក់ដែរថា Christopher ដែលមានអាយុប្អូន Serge ត្រឹមតែមួយឆ្នាំពុំទទួលបានជោគជ័យក្នុងអាជីពបាល់ទាត់ដូចបងប្រុសរបស់ខ្លួនដែលកំពុងលេងអោយ Spurs ឡើយ។ Christopher ធ្លាប់បានចំនាយពេលវេលាជាមួយក្លិប Brentford ប៉ុន្តែគេមិនអាចធានាខ្លួនអោយក្លាយជាកីឡាករ១១នាក់ដំបូងបានទេ ទើបបានជាគេវឹលមកកាន់ទីក្រុង Toulouse វិញដើម្បីចុះកុងត្រាជាមួយក្លឹបនៅលីគលំដាប់ទី៣របស់បារាំង Toulouse Rodeo FC ក្នុងនាមជាកីឡាករស្មគ្រ័ចិត្តតែម្តង។