
Schalke អាចក្លាយជាជើងឯកអាល្លឺម៉ង់ប្រសិនបើពួកគេមិនលក់កីឡាករដែលមានទេពកោសល្យល្អៗទេនោះ
(BC-99)
លោក Karl-Heinz Rummenigge នាយកក្លឹបបាល់ទាត់ Bayern Munich បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា Schalke អាចក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga តាំងពីប៉ុន្មានឆ្នាំមុនមកម៉្លេះប្រសិនបើពួកគេមិនលក់បកីឡាករវ័យក្មេងដែលមានទេពកោសល្យទេនោះ។
មិនមែនទើបតែរដូវកាល ២០១៩-២០២០ ដែល Schalke បានទទួលរងនូវវិបត្តិហិរញ្ញវត្ថុ ក៏ប៉ុន្តែប៉ុន្មានរដូវកាលជាប់គ្នាមកហើយដែលក្លឹបបាល់ទាត់មួយនេះបានប្រឈមមុខទៅនិងឱនភាពលំហូរសាច់ប្រាក់។
នៅខាងក្រៅទីលាន Schalke ក៏រងឥទ្ធិភលមិនល្អផងដែរដោយនាយកប្រតិបតិ្ត Clemens Tonnies បានលាលែងពីតំណែងបន្ទាប់ពីមានការតវ៉ាពីអ្នកគាំទ្រក្លឹបខណៈដែលប្រធានទីផ្សារលោក Alexander Jobst បានបញ្ជាក់ថានឹងត្រូវកាត់បន្ថយចំណាយសព្វបែបយ៉ាងដោយសារតែស្ថានភាពហិរញ្ញវត្ថុដែលក្លឹបកំពុងប្រឈមមុខ។
ប៉ុន្តែបើតាមការលើកឡើងដោយលោក Rummenigge នាយកប្រតិបត្តិរបស់ក្រុមម្ចាស់ជើងឯក Bayern Munich បាននិយាយថា ស្ថានភាពរបស់ Schalke អាចខុសពីនេះប្រសិនបើពួកគេនៅតែរក្សាតារាបាល់ទាត់ដែលកំពុងកើនប្រជាប្រិយ៍របស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។
លោក Rummenigge បានប្រាប់ Sport1 ថា៖ “Schalke អាចក្លាយជាម្ចាស់ជើងឯកអាឡឺម៉ង់ក្នុងពេលបច្ចុប្បន្នប្រសិនបើពួកគេអាចរក្សាកីឡាករយុវជនរបស់ពួកគេជាច្រើនដែលក្លឹបនេះបានបណ្តុះបណ្តាលមកយ៉ាងល្អ”។
គួរបញ្ជាក់ថាក្នុងចំណោមកីឡាករល្អៗដែល Schalke បានលក់ចេញក្នុងនោះក៏មានកីឡាករដ៏ល្អរបស់ Bayern Munich នាពេលបច្ចុប្បន្នដែរដូចជាអ្នកចាំទី Manuel Neuer, Alexander Nubel និងខ្សែបម្រើកណ្តាល Leon Goretzka ព្រមទាំងបានលក់កីឡាករឆ្នើម Leroy Sane អោយ Manchester City ដែលនៅពេលអនាគតនេះគេក៏នឹងចូលរួមជាមួយ Bayern Munich ដែរ។ ក្រៅពីនោះអតីតកីឡាករឆ្នើមៗក្នុងថ្នាលដែល Schalke បានលក់ចេញជាបន្តបន្ទាប់រួមមាន Mesut Ozil, Julian Draxler និង Benedikt Howedes ជាដើម។