
Xavi បន្តកិច្ចសន្យាដឹកនាំក្លិបនៅកាតារ
លោក Xavi Hernandez បានបន្លាយការរួមរស់ជាមួយក្លិប Al Sadd នៃក្របខណ្ឌកំពូលកាតារមួយរដូវកាលទៀតហើយ កាលថ្ងៃអាទិត្យ ទី០៥ ខែកក្កដា មានន័យថា លោកនឹងដឹកនាំរហូតដល់ដាច់រដូវកាល២០២០/២០២១។

ក្នុងកិច្ចសម្ភាស អតីតខ្សែបម្រើ FC Barcelona និងជម្រើសជាតិអេស្ប៉ាញ អះអាងសប្បាយចិត្តដែលបានស៊ីញ៉េកុងត្រាថ្មី និងប្ដេជ្ញាប្រជែងយកពានបន្តបន្ទាប់ទៀត។
បុរស៤០ឆ្នាំពន្យល់លម្អិត “៖ខ្ញុំពិតជាសប្បាយចិត្តនៅទីនេះ ហើយគោលដៅក្លិបគឺយកពានទាំងអស់។ ខ្ញុំសប្បាយចិត្តជាមួយកូនក្រុម និងត្រៀមជាស្រេចសម្រាប់ចូលរួមការប្រកួតសាជាថ្មី នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ”។

ជាមួយគ្នានេះ លោក Xavi ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបពីការងារមួយចំនួន រួមមានការបន្តកិច្ចសន្យាដល់កីឡាករ Akram Afif និងការបន្ថែមសមាសភាពកូនក្រុមបរទេសជំនួស Gabi និង Marco Fabian។
គួររំឭកថា លោក Xavi បានចំណាយពេលលេងនៅ Al Sadd ៤រដូវកាល មុនប្រែក្លាយជាគ្រូបង្គោលនៅរដូវកាល២០១៩/២០២០។
របាយការណ៍នាពេលថ្មីៗនេះឲ្យដឹងថា អតីតសមាជិកថ្នាលយុវជន FC Barcelona ចង់ត្រលប់ទៅក្លិបដើមវិញនាពេលខាងមុខ ដើម្បីកាន់តំណែងជាអ្នកចាត់ការ។ ប្រភពមួយថែមទាំងបង្ហើបថា លោកនឹងដឹកនាំក្រុមអ្នកមានបុណ្យនៅឆ្នាំក្រោយទៀតផង។
លោក Xavi ត្រូវបានដំឡើងចូលក្រុមធំ FC Barcelona នៅឆ្នាំ១៩៩៨ និងលេងរហូតដល់ឆ្នាំ២០១៥ ហើយរួមចំណែកឈ្នះ UEFA Champions League ៤ដង ព្រមទាំង La Liga ៨លើកផងដែរ៕