U19 ឥណ្ឌូនេស៊ីទៅហាត់នៅកូរ៉េខាងត្បូងមុនប៉ះកម្ពុជាបើកឆាក AFC U19
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីនឹងបញ្ជូនក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ខ្លួនទៅហ្វឹកហាត់នៅប្រទេសកូរ៉ខាងត្បូងពីចន្លោះថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា មុនចូលរួមព្រឹត្តិការណ៍ AFC U19 Championship 2020 ក្នុងប្រទេសអ៊ូបេគីស្ថាន។
ក្នុងកាលវិភាគបញ្ជាក់ថា ក្រុម U19 ឥណ្ឌូនេស៊ី នឹងនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនាមជ្ឈមណ្ឌលហ្វឹកហាត់នៅកូរ៉េខាងត្បូង ដែលជាគោលការណ៍ការពារជំងឺកូវីដ១៩។ ពួកគេនឹងយកការស្នាក់នៅដាច់ដោយឡែកនេះ ហាត់ពង្រឹងកាយសម្បទា។
ជាមួយគ្នានេះ ក្រុម U19 ឥណ្ឌូនេស៊ីនឹងប្រកួតសមជើងជាមួយក្លិបមួយចំនួនៅកូរ៉េខាងត្បូង ហើយពួកគេក៏នឹងចំណាយពេលជាងមួយសប្ដាហ៍ដើម្បីសម្របខ្លួននៅប្រទេសអ៊ូបេគីស្ថានទៀតផងចាប់ពីថ្ងៃទី០៥ ខែតុលា។
គួរដឹងដែរថា U19 ឥណ្ឌូនេស៊ី ស្ថិតនៅពូល A មានម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ង់ និងកម្ពុជា។ ពួកគេនឹងបើកឆាក AFC U19 Championship 2020 ជាមួយកម្ពុជា នៅថ្ងៃទី១៤ ខែតុលា។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ក៏នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup U20 ឆ្នាំ២០២១ ខាងមុខ៕