ក្លិបបាល់ទាត់ សូលទីឡូអង្គរ បញ្ចប់កិច្ចសន្យាកីឡាករ ២រូប ភ្លាមៗដោយសារមិនគោរពវិន័យ
ក្លិបបាល់ទាត់សូលទីឡូអង្គរ បានធ្វើការប្រកាសនៅលើហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួន អំពីការបញ្ចប់កិច្ចសន្យាជាមួយកីឡាករ ២រូប ក្នុងនោគរួមមាន កីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ និង កីឡាករ សឿង បញ្ញា លែងជាសមាជិករបស់ក្រុមនាខេត្តសៀមរាបនេះចាប់ពីពេលនេះតទៅ ដោយសារមិនគោរពវិន័យក្លិប ក្នុងនាមជាកីឡាករអាជីព។
សឿង សុបញ្ញា ដែលធ្លាប់លេងឲ្យបៀលប្រាយយូណាយធីត, អាស៊ីអឺរ៉ុបយូណាយធីត និងបឹងកេត បានមកចូលរួមជាមួយ សូលទីឡូអង្គរ នៅរដូវកាល២០១៩ ក្រោយរួមរស់ជាមួយវេស្ទើនភ្នំពេញមួយរដូវកាល។ ចំណែក ប្រាក់ សុវណ្ណពិសិទ្ឋ គឺជាកូនប្រុសលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ធ្លាប់ជាប់ជម្រើសជាតិ U-19 និង U-21 ផងដែរ នឹងជាអតីតកីឡាកររបស់ ព្រះខ័នរាជស្វាយរៀង មុនផ្លាស់ទៅចូលរួមជាមួយ សូទីឡូអង្គរ កាលពីរដូវកាល ២០១៨ ចាប់ផ្ដើមលេងបាល់អាជីព កាលពីឆ្នាំ២០១០ ក្នុងវ័យ ១៣ឆ្នាំ ជាមួយក្រុមថ្នាលយុវជនក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់មកទើបត្រូវបានគ្រូបង្វឹកជំនាន់លោក សំ វ៉ាន់ដេត ដឹកនាំផ្ដល់ឱកាសដល់រូបគេឡើងលេងក្រុមធំ ក្នុងឆ្នាំ២០១៥ ក៏ធ្លាប់បានជួយក្រុមឈ្នះជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧។
គួរបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់ សូលទីឡូអង្គរ មានការសោកស្តាយផងដែរចំពោះករណីខាងលើ ហើយនេះជាការសម្រេចចិត្តដ៏លំបាក តែដើម្បីធ្វើជាគម្រូ កុំអោយកើតមានលើកីឡាករផ្សេងៗបន្តទៀតទើបក្លិបសម្រេចធ្វើបែបនេះ ខណៈដែលការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសាតែម្តង៕