Ozil នៅតែទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅ Arsenal ទោះបីកំពុងលេងនៅ Fenerbahce
ក្រុម Arsenal នៅតែផ្តល់ប្រាក់ឈ្នួល ៩០% នៃប្រាក់ឈ្នួលរបស់កីឡាករ Mesut Ozil ចំនួន ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ បើទោះបីជាបច្ចុប្បន្នកំពុងលេងអោយក្រុម Fenerbahce ក៏ដោយ។ បើយោងតាមរបាយការណ៍បានអោយដឹងថាក្រុម Arsenal នៅតែផ្តល់ប្រាក់ឈ្នួល ៩០ ភាគរយនៃប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍អោយទៅកីឡាករ Mesut Ozil បើទោះបីជាកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបានចាកចេញពីទឹកដី Emirates និងបានផ្ទេរទៅកាន់ក្លិប Fenerbahce កាលពីខែមករាក៏ដោយ។
សូមបញ្ជាក់ថា ទោះបីជា Ozil បានផ្ទេរទៅកាន់ក្លិប Fernerbahce ដោយឥតគិតថ្លៃនិងបានចុះកិច្ចសន្យាជាមួយ Fenerbahce រហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែ Arsenal បានយល់ព្រមបន្តបង់ភាគរយនៃប្រាក់ខែរបស់គេដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងនិងបញ្ចប់រឿងរ៉ាវដែលនៅជុំវិញខ្លួនរបស់ Ozil។
សារព័ត៌មាន The Athletic បានបង្ហើបថា នេះគឺជាការបរិច្ចាគដ៏ធំរបស់ Arsenal ដែលបានចំណាយទៅលើ Ozil ហើយកីឡាករវ័យ ៣២ ឆ្នាំរូបនេះនៅតែជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្លឹប បើទោះបីជាមិនបានលេងអោយក្រុមកាំភ្លើងធំក៏ដោយ។ បច្ចុប្បន្ន Arsenal កំពុងចូលរួមចំណែកក្នុងចំនួនលើស ៩០% នៃប្រាក់ខែរបស់ Ozil ដែលអាចទទួលបានប្រាក់ឈ្នួល ៣១៥.០០០ ផោនក្នុងមួយសប្តាហ៍។ នោះមានន័យថាចាប់តាំងពីលោក Ozil បានចាកចេញពីក្រុម Arsenal នៅចុងខែមករាមក ក្លិបដែលឋិតនៅភាគខាងជើងទីក្រុងឡុងដ៍បានលះបង់អស់ជាង ៤ លានផោនលើកីឡាករម្នាក់ដែលមិនបានលេងអោយក្លិបសូម្បីតែមួយប្រកួត៕