អតីតអ្នកចាំទីរបស់ Man Utd និយាយថា Liverpool គួរតែទទួលបានពានរង្វាន់ Premier League
(BC-99)
យោងតាមអតីតអ្នកចាំទីក្រុមបិសាចក្រហម Manchester United លោក Mark Bosnich បានអោយដឹងថា Liverpool គួរតែទទួលបានពានរង្វាន់ Premier League បើទោះជារដូវកាលនេះមិនអាចបញ្ចប់បានដោយសារជំងឺរាតត្បាតឆ្លង។
ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Klopp បាននាំមុខ ២៥ ពិន្ទុនៅលើតារាង Premier League ដោយឈ្នះ ២៧ ដងក្នុងចំណោម ២៩ ប្រកួតមុនពេលដែលក្របខណ្ឌបាល់ទាត់អាជីពដ៏កំពូលមួយនេះត្រូវបានផ្អាកកាលពីខែមុន។
វាបានក្លាយទៅជាប្រធានបទដ៏តានតឹងដែលគេរាល់គ្នាកំពុងជជែកវែកញែកអំពីអ្វីដែលគួរតែកើតឡើងប្រសិនបើ Premier League រដូវកាល ២០១៩-២០២០ មិនអាចបញ្ចប់បាន។
Mark Bosnich ដែលជាអតីតអ្នកចាំទីរបស់ Manchester United, Chelsea និង Aston Villa ដែរនុះបានលើកឡើងនូវយោបល់ផ្ទាល់ខ្លួនថា Liverpool គួរតែទទួលបានពានរង្វាន់ជាលើកដំបូងនេះក្រោយពីខកខានតាំងពីឆ្នាំ ១៩៩០ ។
Bosnich បានប្រាប់ Stats Perform ថា“ ពួកគេគួរតែទទួលបានពានរង្វាន់នៅរដូវកាលនេះ ។ ច្បាប់នៃក្របខ័ណ្ឌ Premier League អាចមានការចែងអំពីការប្រកួតដែលមិនបានបញ្ចប់អោយចប់សព្វគ្រប់ ប៉ុន្តែសម្រាប់ខ្ញុំគិតថាវាយុត្តិធម៌និងត្រឹមត្រូវដែលពួកគេទទួលបានពានរង្វាន់នេះ” ។
អតីតកីឡាករអន្តរជាតិអូស្ត្រាលីរូបនេះបាននិយាយបន្តទៀតថានឹងមានការសួរដេញដោលជាច្រើនទៀតជុំវិញក្រុមដែលត្រូវប្រកួត Champions League និងក្រុមដែលកាត់ចេញទៅក្របខណ្ឌក្រោមនៅរដូវកាលក្រោយបន្ទាប់ពី Liverpool ត្រូវបានប្រគល់អោយកាន់កាប់ពានរង្វាន់ជើងឯករួច។ តែសម្រាប់លោកនៅតែយល់ថា Liverpool សាកសមបំផុតក្នុងការទទួលពានរង្វាន់ Premier League រដូវកាលនេះ។
គួររម្លឹកដែរថា Mark Bosnich បានក្លាយជាអ្នកចាំទីដៃទី២របស់បិសាចក្រហម Manchester United ពីឆ្នាំ ១៩៨៩ ដល់ ១៩៩១ រួចបានប្តូរទៅកាន់ Sydney United និង Aston Villa ក្នុងអំឡុងឆ្នាំ ១៩៩២-១៩៩៩ រួចក៏បក្លាយជាអ្នកចាំទីបិសាចក្រហមសារជាថ្មីពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០១ និងបានប្តូរទៅកាន់តោខៀវ Chelsea ពីឆ្នាំ ២០០១ ដល់ ២០០៣។ លោកបានបញ្ចប់អាជីពជាមួយក្លឹប Sydney Olympics នៅឆ្នាំ ២០០៩។