Alan Shearer “ប្រសិនបើរដូវកាលនេះបិទការប្រកួត មានន័យថាពុំមានក្រុមណាឈ្នះឬចាញ់ទេ!”
(BC-99)
ស្របពេលដែលវីរុសកូរ៉ូណាកំពុងតែអុកឡុកគ្រប់ទិសទី វាបានជះផលប៉ះពាល់ដល់វិស័យផ្សេងៗដែលកំពុងធ្វើអោយពិភពលោកក្រឡាប់ចាក់ ហើយក្នុងនោះក៏មានវិស័យកីឡាបាល់ទាត់ដ៏ពេញនិយមរបស់មនុស្សទូទាំងសកលក៏រងការប៉ះពាល់យ៉ាងធំធេងដែរ។
ក្របខណ្ឌបាល់ទាត់ល្បីៗទាំង៥នៅទ្វីបអឺរ៉ុបបានប្រកាសផ្អាកការប្រកួតចំនួនពី២ទៅ៣សប្តាហ៍បន្តបន្ទាប់គ្នាដើម្បីរង់ចាំស្ថានភាពប្រក្រតីត្រឡប់មកវិញរួចបន្តយុទ្ធនាការបិទបញ្ចប់ការប្រកួតនៅរដូវកាលនេះ។ ក៏ប៉ុន្តែបើជំងឺដែលងាយឆ្លងនេះនៅតែមិនអាចគ្រប់គ្រងការរីករាលដាលបានទេ នុះក្របខណ្ឌរបស់ប្រទេសនីមួយៗនឹងធ្វើការសម្រេចចិត្តបិទបញ្ចប់ការប្រកួតតែម្តងទៅតាមច្បាប់និងលក្ខខណ្ឌតិក្កៈរបស់សហព័ន្ធផងខ្លួន។
នៅក្របខណ្ឌ Premier League របស់ អង់គ្លេស គេអាចនឹងបិទបញ្ចប់ការប្រកួតរដូវកាលនេះដោយប្រគល់ពានរង្វាន់អោយទៅក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងកាត់ក្រុមចំនួន៣ដែលមានពិន្ទុទាបជាងគេទៅកាន់ក្របខណ្ឌក្រោមតែម្តង។ ក៏ប៉ុន្តែបើ Premier League ពិតជាធ្វើបែបនេះមែនវានិងក្លាយទៅជារឿងអយុត្តិធម៌មួយដល់ក្រុមបាល់ទាត់ដទៃទៀត នេះគឺជាការលើកឡើងដោយវិរៈបុរស អង់គ្លេស និងជាអតីតកីឡាករក្រុមសារិការព្រៃ Newcastle United Alan Shearer។ លោកបានបន្តទៀតថា បើរដូវកាលនេះគេបិទទាំងមិនគ្រប់៣៨ប្រកួតបានន័យថាគ្មានក្រុមឈ្នះ គ្មានក្រុមចាញ់ អ្វីៗទុកជាមោឃៈនិងរង់ចាំការប្រកួតរដូវកាលថ្មីចូលមកដល់។