ម្តាយរបស់ Mario Balotelli ស្រក់ទឹកភ្នែកពេលដឹងថាកូនប្រុសផ្លាស់មកលេងនៅអ៊ីតាលី
ខ្សែប្រយុទ្ធ Mario Balotelli បានសំរេចចិត្តចាកចេញពី O.Marseille មកលេងអោយក្លឹបថ្មី Brescia ក្នុងកុងត្រារយៈពេលយូរ ដោយទទួលបានតំលៃខ្លួន ១លាន៥សែនផោនក្នុងមួយឆ្នាំ។
តាមរយៈរហ័សនាម Why Always Me បងប្អូនប្រាកដជាស្គាល់កីឡាករដើមកំណើតអ៊ីតាលីមានឈាមជ័រជាជនជាតិហ្គាណា ធ្លាប់លេងអោយក្លឹបធំៗជាច្រើនក្នុងតំបន់អឺរ៉ុបដូចជា Inter Milan, Manchester City, Liverpool និង AC Milan ជាដើម។
ប៉ុន្តែតាមរយៈការផ្លាស់ប្តូរក្លឹបចុងក្រោយនេះបានធ្វើអោយម្តាយរបស់គេស្រក់ទឹកភ្នែកទៅវិញ។ មូលហេតុនៅពីក្រោយរឿងនេះ Balotelli បានបញ្ចាក់ថា ព្រោះតែម្តាយរបស់គេសប្បាយចិត្តខ្លាំងពេកពេលដែលឃើញរូបគេផ្លាស់មកលេងក្នុងទីតាំងផ្ទះចាស់របស់ខ្លួនវិញ ដែលជាទីតាំងសំបូរទៅដោយជនជាតិដើមហ្គាណារស់នៅ សុទ្ធតែជាសែស្រឡាយបងប្អូនរបស់គេ។
មានរឿងមួយទៀតដែលធ្វើអោយ Balotelli សំរេចចិត្តផ្លាស់មក Brescia ព្រោះកាលលេងនៅ AC Milan មានប្រិយមិត្តជាច្រើនបានរិះគន់រើសអើងលើរូបគេ ទើបបានជារូបគេបំលាស់ទីទៅលេងនៅលីកបារាំងមួយរយៈ និងចុងក្រោយសំរេចមកលេងក្នុងទឹកដីដែលគេធ្លាប់រស់នៅពីកុមារភាពអាយុ២ឆ្នាំ ដោយគិតថា Brescia ជាទីដែលផ្តល់រឿងគ្រប់យ៉ាងអោយគេ ហើយគេក៏រីករាយនិងផ្តល់អ្វីៗជាច្រើនអោយទៅប្រជាជន និងក្រុម Brescia វិញដែរ៕