លោក វ៉ន រតនៈមនោរម្យ និងបំពេអារម្មណ៏ប្រិយមិត្តបាល់ទាត់កម្ពុជាក្នុងវគ្គជំរុះ AFC U23
ការប្រកួតបាល់ទាត់ពានរង្វាន់ “ជើងឯកទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំប្រចាំឆ្នាំ២០២០” និងចាប់ផ្តើមធ្វើការប្រកួតជំរុះតាមពូលនិមួយៗនៅថ្ងៃសុក្រទី២២ រហូតដល់ថ្ងៃអង្គារទី២៦ ដែលមានប្រទេសចំនួន១១ ទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីពូល A រហូតដល់ពូល K ក្នុងនោះប្រទេសកម្ពុជារបស់យើងក៏ចូលរួមធ្វើជាម្ចាស់ផ្ទះសំរាប់ពូល H ផងដែរ ដោយត្រូវជួបប្រកួតជាមួយប្រទេសខ្លាំងៗដូចជា Australia, South Korea និង Chinese Taipei។
ទន្ទឹមនិងនេះដែរ ស្ថាប័នប្រពន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាពនៅកម្ពុជា CBS បានដេញថ្លៃសិទ្ធផ្សាយបន្តផ្ទាល់គ្រប់ការប្រកួតក្នុងវគ្គជំរុះនេះជូនដល់ប្រិយមិត្តជនរួមជាតិបានទស្សនាផងដែរ។ ដូច្នេះមានន័យថា លោកអ្នកនាង ប្រិយមិត្តទាំងអស់និងបានទស្សនាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកផ្ទាល់ពី ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រួមជាមួយការអត្ថាធិប្បាយពិសេសពីសំណាក់ក្រុមពិធីករដ៏មានវិជ្ជាជីវៈផងដែរ។
អ្វីដែលកាន់តែពិសេសទៀតនោះ លោក វ៉ន រតនៈមនោរម្យ អ្នកអត្ថាធិប្បាយរូបសង្ហាជាមួយទឺកដមសំលេងពិរោះ និងកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងការបរិយាយកម្មវិធីកីឡាប្រចាំនៅស្ថាប័ន CBS និងចូលរួមអត្ថាធិប្បាយគ្រប់ការប្រកួតទាំងអស់របស់ក្រុមជំរើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ដោយត្រូវចាប់ដៃគូរជាមួយសមាជិកពិធីករជំនាញៗជាច្រើនទៀតដូចជា លោក ស៊ីថូ ណាថាន់ លោក ថោង ប្រសើរ លោក យ៉េន ម៉ៅ លោក ម៉ៃ សុជាតិ និង លោក នី រិទ្ធី ដើម្បីញាំងបរិយាកាសនៃការទស្សនារបស់បងប្អូនអោយកាន់តែមានភាពសប្បាយរីករាយ និង ជក់ចិត្តដិតអារម្មណ៏ថែមទៀត។
លោក Monorum Hernandez ក៏ធ្លាប់បានបញ្ជាក់ដែរថា រូបលោកចង់អត្ថាធិប្បាយការប្រកួតក្រុមជំរើសជាតិកម្ពុជាខ្លាំងជាងការអត្ថាធិប្បាយការប្រកួតអន្តរជាតិធំៗផ្សេងទៀតទាំងអស់ ព្រោះដោយចង់អន្ទោងចិត្ត និង លើកទឹកចិត្តអ្នកទស្សនាអោយចាប់អារម្មណ៏ចូលរួមគាំទ្រផ្តល់កំលាំងចិត្តអោយក្រុមជំរើសជាតិកម្ពុជា ជាពិសេសបណ្តុះគំនិតដល់ប្រិយមិត្ត ប្រជាជនកម្ពុជាទាំងអស់តាមរយៈការអត្ថាធិប្បាយនេះដើម្បីអោយវិស័យបាល់ទាត់ខ្មែរមានការរីកចំរើនថែមមួយកំរិតទៀត។
គួរបញ្ចាក់ថាកំលោះ Monorum Hernandez ចាប់អាជីពជាពិធីករកីឡានេះតាំងពីឆ្នាំ ២០១០មកម៉្លេះ អំឡុងព្រឹត្តិការណ៏ FIFA World Cup នៅអាហ្រិកខាងត្បូង ដោយមានការត្រួសត្រាយផ្លូវ បង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ពី ព្រឹទ្ធាចារ្យ ម៉ា សេរី និងសិស្សច្បងទាំងអស់ បូករួមទាំងទេពកោសល្យចូលចិត្តកីឡាពីកំណើតខ្លះៗ បានធ្វើអោយរូបលោកអភិវឌ្ឍន៏សមត្ថភាពបានកាន់តែប្រសើរឡើង ហើយត្រូវបានមហាជនគាំទ្រច្រើនក្នុងអាជីពជាពិធីករកីឡានេះ។ មិនតែប៉ុណ្ណោះ ក្រៅពីអាជីពជាពិធីករកីឡានេះលោក Monorum Hernandez ក៏ជាស្ថាបត្យករ (Architecture) ដ៏ចំណានលើការស្ថាបនាសំណង់អគារមួយរូបផងដែរ៕