Arteta៖ ខ្ញុំបានរៀនសូត្រជាច្រើនពីលោក Moyes អ្នកចាត់ការក្លឹប West Ham
(BC-99)
លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានធ្វើការកោតសរសើរចំពោះគ្រូបង្វឹក West Ham លោក David Moyes អំពីការចែករំលឺកភាពជាអ្នកដឹកនាំក្រុមបាល់ទាត់មកដល់ខ្លួន។
ជាការពិតណាស់នៅអំឡុងឆ្នាំ ២០០៥ លោក Moyes បានចុះហត្ថលេខាទិញផ្តាច់ Arteta ពីក្លិប Real Sociedad មកកាន់ក្លិប Everton ហើយក៏បានចែករំលែកបទពិសោធន៍ល្អៗដល់បុរសសញ្ជាតិអេស្ប៉ាញរូបនេះអស់រយៈពេល៦ឆ្នាំមុននឹងរូបគេបានចាកចេញទៅកាំភ្លើងធំជាបន្តនៅឆ្នាំ ២០១១។
Arteta បាននិយាយរម្លឹកឡើងវិញថា “គាត់(Moyes) គឺជាមនុស្សម្នាក់ដែលបានណែនាំខ្ញុំអោយបានមកលេងនៅ Premier League ។ ដំបូងបង្អស់គាត់បានជួយអភិវឌ្ឍន៍សមត្ថភាពរបស់ខ្ញុំ និងបានជួយអប់រំឱ្យខ្ញុំក្លាយជាមនុស្សល្អប្រសើរជាងមុនធ្វើឱ្យខ្ញុំមានភាពចាស់ទុំនៅដំណាក់កាលដំបូងនៃអាជីពរបស់ខ្ញុំ។ ខ្ញុំជាកីឡាករបាល់ទាត់ម្នាក់តែនៅពេលនោះខ្ញុំថែមទាំងទទួលបានការរៀនសូត្រពីគាត់ថែមទៀត។ គាត់បានបង្រៀនខ្ញុំពីភាពទទួលខុសត្រូវជាច្រើនផងដែរ។ ខ្ញុំមានអនុស្សាវរីយ៍ល្អ ៗ ជាមួយគាត់ហើយយើងមានពេលវេលាល្អជាមួយគ្នា។ ខ្ញុំពិតជាចូលចិត្តរបៀបដែលគាត់គ្រប់គ្រងក្រុមក៏ដូចជាអត្តចរិតបុគ្គលរបស់គាត់តែម្តង”។
សូមបញ្ជាក់ថា Mikel Artertra បានផ្ញើខ្លួនជាមួយ Everton ពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់លោក David Moyes ដោយបានបង្ហាញខ្លួនលើទីលានចំនួន១៦២ប្រកួតនិងស៊ុតបញ្ចូលទីបាន២៧គ្រាប់។