រៀបការហើយ កែវ សុខផេង មិនបានសម្រាក Honeymoon យូរទេ
ខ្សែប្រយុទ្ធក្រុមបាល់ទាត់ វិសាខា កីឡាករ កែវ សុខផេង ប្រហែលមិនបានសម្រាកក្រេបទឹកឃ្មុំរយៈពេលយូរបានទេ ទោះបីរូបគេទើបរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២០ យ៉ាងណាក្តី ។
ការដែលសមាជិកក្រុមបាល់ទាត់វិសាខារូបនេះមិនអាចសម្រាកយូរក្រោយរៀបការថ្មីៗ ពីព្រោះរូបគេជាកីឡាករសំខាន់ក្នុងក្រុមដែលត្រូវត្រៀមខ្លួនក្នុងការជួយក្រុម វិសាខា ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០២០ ជាមួយក្លិប ណាហ្គាវើល ក្នុងសប្តាហ៍នេះ ។
អតីតសមាជិក បឹងកេត និងភ្នំពេញក្រោន ជាអ្នកស៊ុតបញ្ចូលទី ១គ្រាប់ជួយអោយ វិសាខា តាមស្មើក្រុមខេត្ត ព្រៃវែង មុនឈានដល់វគ្គកាត់សេចក្តី១១ ម៉ែត្រ ឈ្នះឡើងមកវគ្គផ្តាច់ព្រ័ត្រ ដូចនេះរូបគេត្រូវតែត្រៀមសម្រាប់វគ្គផ្តាច់ព្រ័ត្រអោយបានល្អ ។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់វិសាខា នឹងត្រូវជួបក្រុម ណាហ្គាវើល ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានសម្តេច ហ៊ុន សែន ប្រចាំឆ្នាំ ២០២០ នាថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះនាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ ល្ងាច ខណៈក្រុម ខេត្ត ព្រៃវែង ត្រូវដណ្តើមលេខ៣ ជាមួយក្រុមភ្នំពេញក្រោន វេលាម៉ោង ៣ រសៀល ៕