វិសាខា សម្រេចចែកផ្លូវគ្នាជាមួយអតីតកីឡាករជម្រើសជាតិ សារី ម៉ាត់ណូរ៉ូទីន
ក្លិបកីឡាបាល់ទាត់វិសាខា បានប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមផ្លូវការណ៍របស់ខ្លួន ជុំវិញការសម្រេចចិត្តដ៏តានតឹងបំផុត ក្នុងការចែកផ្លូវគ្នាជាមួយអតីតកីឡាករជម្រើសជាតិកម្ពុជានាកំឡុងឆ្នាំ២០១៥ សារី ម៉ាត់ណូរ៉ូទីន បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ។
ក្នុងនោះដែរក្លិបក៏មានការសោកស្តាយខ្សែប្រយុទ្ធវ័យក្មេងរូបនេះផងដែរដោយបានបង្ហោះថា “ក្នុងនាមគ្រួសារបាល់ទាត់ វិសាខា សូមអរគុណ ចំពោះការខិតខិប្រឹងប្រែងជួយក្លិបកន្លងមក ហើយក៏សូមជូនពរ ម៉ាត់ណូរ៉ូទីន ជួបតែសំណាងល្អ និងជោគជ័យនាពេលអនាគត”។ ហើយកីឡាកររូបនេះ ធ្លាប់ជាប់ជម្រើសជាតិឈុត U-22 ចន្លោះឆ្នាំ២០១៥ បង្ហាញខ្លួនបាន ៧ លើក និងធ្លាប់រកបាន ១ គ្រាប់ ក្នុងការប្រកួតចាញ់ កូរ៉េខាងជើង ៤-១ ធ្វើឱ្យគ្រានោះល្បីល្បាញមានឈ្មោះជាប់ឈុតធំផងដែរ ប៉ុន្តែមកដល់ពេលនេះទើបបង្ហាញសមត្ថភាព ១ លើកប៉ុណ្ណោះ។
សូមបញ្ជាក់ថា កីឡាករវ័យ ២៣ឆ្នាំរូបនេះ ធ្លាប់បានប្រឡូកជាមួយក្លិបធំៗជាច្រើនរួមមាន អាសុីអឺរ៉ុប យូណាធីត នាឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ក៏បានផ្លាស់ទៅក្រុមជើងឯក ៦ សម័យកាល ភ្នំពេញក្រោន ២០១៥-២០១៦ ប៉ុន្តែមិនបានបង្ហាញខ្លួននោះទេ ដូច្នេះមកចូលរួមជាមួយ ណាហ្គាវើលដ៍ នាឆ្នាំ២០១៦-២០១៨ នឹងបានបង្ហាញខ្លួន ៣៧ ដង រកបាន ៨ គ្រាប់ មុនផ្លាស់មក វិសាខា៕